រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រទី២៥ ខែកក្កដាឆ្នាំ២០២៥នេះ។
នេះបើយោងតាមការចេញផ្សាយយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ។

បើតាម AFP កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហើយកិច្ចប្រជុំធ្វើឡើងដោយបិទទ្វារ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា។
លិខិតរបស់សម្តេចបវរធិបតីបានលើកឡើងថា ខ្ញុំសូមជម្រាបជូន ឯកឧត្តម ក៏ដូចជាសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិជ្រាបជាបន្ទាន់ អំពីការឈ្លានពានដោយអាវុធមកលើប្រទេសកម្ពុជានាពេលថ្មីៗនេះ ដោយ កងកម្លាំងយោធាថៃ នៅតាមព្រំដែនកម្ពុជា-ថៃ ដូចតទៅ៖
ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការ វាយប្រហារដោយមានការគិតទុកជាមុន និងចេតនាបង្កហេតុ មកលើទីតាំងរបស់កម្ពុជាតាមបណ្តោយ តំបន់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ដែលស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងមានសេចក្តីទោមនស្សយ៉ាងខ្លាំង ចំពោះការ ឈ្លានពាន ដោយកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃដែលមានការគិតទុកជាមុន និង ចេតនាបង្កហេតុនេះ។ ការវាយប្រហារដោយយោធានេះ បានបំពានយ៉ាងជាក់ស្តែងលើគោល ការណ៍ មិនឈ្លានពានគ្នា និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ និង គោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ស្តីពីការហាមមិនឱ្យធ្វើការ គំរាមកំហែង ឬប្រើប្រាស់កម្លាំងឈ្លានពានបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាការមិនគោរព ចំពោះស្មារតីអ្នកជិតខាងល្អ ដែលកម្ពុជាបានខិតខំប្រកាន់ខ្ជាប់រហូតមកដល់ពេលនេះ។
ប្រឈមមុខនឹងការឈ្លានពានដ៏ព្រហើននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីធ្វើការវាយបក ដើម្បីការពារខ្លួន ការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ រាល់ទង្វើអរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់បង្ក ហេតុដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ក្នុងលិខិតសម្តេចបវរធិបតីបានបញ្ជាក់ថាខ្ញុំសូមអនុញ្ញាតរំលឹកថា ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធនៅតែបន្តកើត មានរវាងកម្ពុជា និងថៃ បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ក៏ដូចជាផែនទីដែលផលិតដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើង ដោយអនុលោមតាមលិខិតុបករណ៍អន្តរជាតិទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកឆ្នាំ ២០០០ (MOU-2000) ដែលតាមរយៈ MOU ភាគីទាំងពីរបាន ប្តេជ្ញារួមគ្នាបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ផ្អែកលើឯកសារច្បាប់ទាំងនេះ។

ដូចករណីមុនៗដែរ អរិភាពតាមព្រំដែនរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កើតចេញពី ការដែលប្រទេសថៃទទូចទាមទារអធិបតេយ្យដែនដីនៅតំបន់ព្រំដែន ផ្អែកលើមូលដ្ឋាននៃផែនទី ដែលថៃខ្លួនឯងបានគូសជាឯកតោភាគី គ្មានមូលដ្ឋានច្បាប់ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ គោរព MOU-2000។
ដើម្បីជាលេសសម្រាប់ការឈ្លានពានប្រដាប់វុធនាពេលបច្ចុប្បន្ន ប្រទេសថៃក៏ បានធ្វើការចោទ ប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីទាហានថៃ បានដើរល្បាតខុសផ្លូវដែលប្រទេសទាំងពីរបានសម្របសម្រួល និងព្រមព្រៀងគ្នាពីកន្លងមក ហើយ ថែមទាំងបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា នៅក្នុងតំបន់ដែលមានការទទួលស្គាល់ និងត្រូវ បានចុះបញ្ជីជាផ្លូវការថាជាចំការមីន។
ជាការគួរឲ្យសោកស្តាយដែលមានអំពើឈ្លានពាននេះកើតឡើង ខណៈកម្ពុជាកំពុងបន្តខិតខំ យ៉ាងសកម្មដើរតាមផ្លូវច្បាប់ ដោយសន្តិវិធី និងមិនលម្អៀងដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅ សេសសល់ជាមួយថៃ តាមរយៈយន្តការទ្វេភាគី និងអន្តរជាតិ។ ដូចដែលសហគមន៍អន្តរជាតិបានដឹង ហើយថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបញ្ជូនទៅសុំ តុលាការយុត្តិធម៌អន្តរជាតិធ្វើការវិនិច្ឆ័យចំពោះតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
កំណើនភាពតានតឹងផ្នែកយោធានេះ ត្រូវបានបង្កឡើង ដោយប្រទេសថៃ បើទោះបីជាមានការអំពាវនាវក្នុងតំបន់ និងអន្តរជាតិឱ្យមានការអត់ធ្មត់ និងដំណោះ ស្រាយដោយសន្តិវិធី និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ៕
ចែករំលែកព័តមាននេះ