ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បង្ហាញ​ ៩​ចំណុច ដែល​បញ្ជាក់​ថា ថៃ​ជា​អ្នក​បើក​ការ​វាយប្រហារ​មុន​មក​លើ​កម្ពុជា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បង្ហាញ ៩​ចំណុច ដែល​នៅ​លើគោក​ៗ និង​ត្រូវ​មហាជន​ជាតិ អន្តរជាតិ គេ​ដឹង​អំពី​គំនិត​ទុច្ចរិត​របស់​ថៃ ចិញ្ចឹមចិត្ត​ឈ្លានពាន​មក​លើ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បង្ហាញ ៩​ចំណុច ដែល​នៅ​លើគោក​ៗ និង​ត្រូវ​មហាជន​ជាតិ អន្តរជាតិ គេ​ដឹង​អំពី​គំនិត​ទុច្ចរិត​របស់​ថៃ ចិញ្ចឹមចិត្ត​ឈ្លានពាន​មក​លើ​កម្ពុជា ។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​លើ​បណ្តាញ​ស​ង្គ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២៥​ថា​ខ្ញុំ​សូម​លើក​មក​ខ្លះ​ៗ ជា​តឹកតាង​ថា ថៃ​ជា​អ្នក​វាយប្រហារ​មុន ៖

១. ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​លើ​កម្ពុជា ទាំង​ព្រឹក​នៅ​មុំ​បី បណ្ដាល​ឱ្យ​យោធិន​កម្ពុជា​ម្នាក់​ពលិកម្ម​។ ទាំង​គ្មាន​រឿង​សោះ ក៏​ទាហាន​ថៃ បើក​ការ​វាយប្រហារ​ដែរ​ហ្នឹង ។

២. មេ​យោធា​ភូមិភាគ​២ និយាយ​ម្ដង​ហើយ​ម្ដងទៀត មិន​ទទួលយក​យន្តការ​តុលាការ ICJ ដោយ​បោះសម្ដី​ថា «​បើ​ចង់បាន​ដី​បាញ់​គ្នា​ទៅ​»​។ តើ​នេះ មិនមែន​ជា​គំនិត​អរិភាព​ចាប់ផ្ដើម​សង្គ្រាម​មុន​ទេ ?

៣. អ្នកនយោបាយ​ថៃ និយាយ​ជា​រឿយ​ៗ ដោយ​ប្រកាស​ប្រើ​ពេល ៣​ម៉ោង វាយ​ចូល​ដល់​ភ្នំពេញ និង​វាយ​យក​ខេត្តកោះកុង​។​ល​។​និង​។​ល​។ នេះ​ជា​តឹង​តាង​បង្ហាញ​ចិត្ត​ស្មោ​គគ្រោក និង​ផែនការ​វាយ​មុន ។

៤. យោធា​ថៃ តែងតែ​បន្ថែម និង​ចល័ត​ទ័ព យុទ្ធោបករណ៍ ជីក​លេ​ន​ដ្ឋា​ន ឈូស​ឆាយ​ផ្លូវ​បម្រើ​យុទ្ធសាស្ត្រ​យោធា និង​តែងតែ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់ ដែល​បាន​ឯកភាព​គ្នា និង​រុលចូល​ដែនដី​កម្ពុជា បង្ករឿង បំណង​ឱ្យ​យោធា​កម្ពុជា​ទប់​មិន​បាន​តែ​កម្ពុជា​ខាំមាត់​សង្កត់​អារម្មណ៍​មិន​ចាញ់កល ។ នេះ​សុទ្ធតែ​ជា​ការ​ចាប់ផ្ដើម​មុន ។

៥. យោធា​ថៃ ព្យាយាម​ប្រើ​យុទ្ធសាស្ត្រ «​ចាយ​ជីវិត​ពល​ទាហាន​» ឱ្យ​បន្ត​ល្បាត​រុលចូល​តំបន់​អតីត​សមរភូមិ​ក្ដៅ ដោះ​មីន​មិន​ទាន់​អស់ បណ្ដាល​ឱ្យ​ទា​ហា​ថៃ ជាន់​មីន​ផ្ទុះ​របួសធ្ងន់​ស្រាល​ជា​បន្តបន្ទាប់ រួច​មួលបង្កាច់​ចោទ​មក​លើ​កម្ពុជា និង​គំរាម​ប្ដឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​បញ្ឆេះ​កំហឹង​កម្ពុជា​ឱ្យ​អស់​ភាព​អត់ធ្មត់​។ ទាំងនេះ ជា​ការ​ដុត​រោល​អុជអាល​មុន​ទាំងអស់ ។

៦. ឱ្យ​ទាហាន​ក្លែង​ធ្វើ​ជា​អ្នក​ទេសចរណ៍ ជិះ​កង់​ឡើង​មក​ប្រាសាទ​តា​មាន់ បង្ក​បញ្ហា​ជាមួយ​យោធា​កម្ពុជា ឱ្យ​ទេសចរណ៍​ថៃ​ឡើង​មក​ឌឺដង ដាក់​ភ្ញៀវ​ទេសចរណ៍​កម្ពុជា និង​យោធា​កម្ពុជា បណ្ដោយ​ឱ្យ​អតីត​ទា​ហា​ថៃ និង​ជន​ស៊ី​វិល វាយ​យោធិន​កម្ពុជា​នៅ​ប្រាសាទ​តា​មាន់ និង​ទា​ហា​ថៃ តែ​រករឿង​រារាំង​ភ្ញៀវ​ទេសចរណ៍​កម្ពុជា ជា​ញឹកញាប់​។ បង្ហាញ​ច្បាស់​ណាស់​ជា​ការ​ញុះ​កម្ពុជា​មុន ។

៧. មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ថៃ​បាន​កោះហៅ​ឯកអគ្គរាជទូត​ខ្លួន និង​បណ្ដេញ​ឯកអគ្គរាជទូត​កម្ពុជា​ចេញពី​ប្រទេស​ខ្លួន ព្រមទាំង​ទម្លាក់​កម្រិត​កា​ទូត​ជាមួយ​កម្ពុជា មក​នៅ​ត្រឹម​លេខា​ទី​២ ដោយ​ពុំ​បាន​បំពេញ​នីតិវិធី​តាម​ច្បាប់​កា​ទូត និង​ច្បាប់​អន្តរជាតិ​។ កាន់តែ​ធ្វើ​ឱ្យ​ស្ថានការណ៍​ឡើង​កម្ដៅ​។ នរណា​ផ្ដើម​មុន​ហ្នឹង ?

៨. ការ​ប្រកាស​ជា​រឿយ​ៗ ដោយ​ស​ង្ខើ​យ​ម្ដង​ហើយ​ម្ដងទៀត ទាំង​អ្នកនយោបាយ និង​យោធា​ថៃ អំពី​ការ​បិទ​ច្រក​ឡើង​ប្រាសាទតាមាន់ធំ និង​បិទ​ប្រាសាទតាមាន់ធំ​ទាំងមូល​។ ជា​ពិសេស​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​ដដែល យោធា​ថៃ បាន​ចេញ​លិខិត​លាយលក្ខណ៍អក្សរ​ប្រកាស​សាធារណៈ​ថា គេ​នឹង​ព័ទ្ធ​ខ្សែលួស​បិទ​ប្រាសាទតាមាន់ធំ និង​បិទ​ច្រក​ផ្សេង​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​។ កាន់តែ​ច្បាស់​ទៅ​ៗ ជា​ការ​បង្កាត់ភ្លើង​មុន​ទៀត​ហើយ និង​ស្រួច​ស្រាវ​ណាស់ គឺ​ចូល​ចំណុច​ខ្ពស់​ហើយ ។

៩. នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​ដដែល​នេះ​ដែរ គេ​បាន​បញ្ចេញ​ជា​សាធារណៈ ក្នុង​ចេតនា​ផ្ញើ​សារ​ប្រកាស​ប្រកាសសង្គ្រាម និង​សម្លុត​កម្ពុជា​ផង តាម​រយៈ​ការ​ផ្សព្វផ្សាយ​«​ផែនការ​ចក្រពង្ស​ភូ​វនា​ថ​» ដែល​ជា​ផែនការ​សង្គ្រាម​ធ្លាប់​ប្រើ​កាលពី​ឆ្នាំ​២០១១ តែ​ចាញ់​កម្ពុជា​ទូរ​សព្ទ​សុំ​ចរចា និង​បទបញ្ជា​របស់​អគ្គមេបញ្ជាការ​ដាក់​បញ្ជា​ឱ្យ​មេបញ្ជាការ​កងពលធំ​ភូមិភាគ​១ និង​២ ត្រៀមកម្លាំង​ប្រតិបត្តិការ​ផែនការ​នេះ​។ ច្បាស់​ទេ​ប៉ុណ្ណឹង ថា​ថៃ​រៀបចំ​ផែនការ​ជា​មុន ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ៩​ចំណុច​ខាងលើ​នេះ សុទ្ធតែ​ប្រទាក់ក្រឡា​គ្នា បង្ហាញ​ពី​ចេតនា ចិញ្ចឹមចិត្ត ដោយ​មាន​ផែនការ​គិត​ទុកជា​មុន ដើម្បី​បង្កាត់ភ្លើង​សង្គ្រាម​ជាមួយ​កម្ពុជា ឱ្យ​តែ​មានឱកាស និង​ព្យាយាម​បង្កើត​ឱកាស​គ្រប់យ៉ាង និង​រក​លេស​គ្រប់​រឿង​ដើម្បី​មាន​ហេតុផល​ផ្ទុះអាវុធ ពង្រីក​ជា​សង្គ្រាម​ដណ្ដើម​ទឹកដី​។ សំយោគ​ខ្លី​ទៅ គ្រប់​សកម្មភាព និង​ទ​ង្វើ​ទាំង​កា​ទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនង​ផ្សេង​ៗ សុទ្ធតែ​ចាប់ផ្ដើម​ដោយ​ថៃ​មុន​ទាំងអស់ បង្កើត​អរិភាព​ជាមួយ​កម្ពុជា​។ ដូច្នេះ ភ្លើងសង្គ្រាម​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ គឺ​ថៃ ជា​អ្នក​ផ្ទុះអាវុធ​វាយប្រហារ​លើ​កម្ពុជា​មុន មិនមែន​កម្ពុជា​ទេ កម្ពុជា​បង្ខំចិត្ត​ការពារ​ខ្លួន ទាំង​គ្មាន​ជម្រើស ។

ជាក់ស្ដែង​ណាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ យោធា​ថៃ បាន​យក​ខ្សែលួស​មក​ព័ទ្ធ​ប្រាសាទតាមាន់ធំ ដូច​ការ​ប្រកាស​របស់​ខ្លួន ទាំង​ក្រុម​ប្រាសាទ​នេះ ស្ថិត​ក្នុង​បូរណភាព​ដែនដី​កម្ពុជា តាម​សន្ធិសញ្ញា​បារាំង​-​សៀម បើ​ទោះជា​យោធា​កម្ពុជា​ហាមប្រាម​ក៏​ដោយ​។ ផ្ទុយ​ទៅ​វិញ ទាហាន​ថៃ បាន​ផ្ទុះអាវុធ និង​បើក​ការ​បាញ់ប្រហារ ដែល​ចាំបាច់​កងទ័ព​កម្ពុជា ត្រូវ​បង្ខំចិត្ត​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​ត្រឡប់​ទៅ​វិញ ទាំង​ការពារ​ខ្លួន និង​អធិបតេយ្យ​ជាតិ ។

ជា​បន្តបន្ទាប់ ទាហាន​ថៃ បាន​បើក​ការ​បាញ់ប្រហារ និង​ផ្លោង​គ្រាប់​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​ចំនួន​៨​ទីតាំង ទាំង​បន្ទាត់​ព្រំដែន​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ដោយ​មិន​សំដៅ​តែ​គោលដៅ​យោធា​ទេ គឺ​ទាំង​គោលដៅ​ស៊ី​វិល​ថែម​ទៀត​។ ជា​លទ្ធផល ទេវតា​មាន​ភ្នែក កងទ័ព​កម្ពុជា បាន​ឈាន​ទៅ​គ្រប់គ្រង​ប្រាសាទ​តា​ក្របី ប្រាសាទតាមាន់ធំ និង​តំបន់​មុំ​បី បាន​ទាំងស្រុង និង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ​បំផុត ដោយ​គ្មាន​ទាហាន​ថៃ ។

ជា​រួម គ្រប់យ៉ាង​ថៃ ហ៊ាន​មូល​បង្កាច់​បំភាន់​បំភ្លៃ​ទាំង​បំពាន ដែល​ស៊ាំ​ក្នុង​សាធារណ​មតិ​អន្តរជាតិ​ទៅ​ហើយ ។ និយាយ​ឱ្យ​ខ្លី ថៃ​ភូត​ពិភពលោក​លែង​ជឿ​ហើយ ដោយ​ជាក់ស្ដែង​សារព័ត៌មាន​ពិភពលោក​ល្បី​ៗ​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​ថា ថៃ​ជា​អ្នក​បើក​ការ​វាយប្រហារ​មុន​មក​លើ​កម្ពុជា កម្ពុជា​ជា​ជន​រង​គ្រោះ ក្នុង​នោះ​មាន សារព័ត៌មាន Reuters , The Guardian, CNN, France24, Mathrubhumi, Scoop ជាដើម ហើយ​ក៏​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា «​ភូត​ច្រើន ច្រើន​ចាញ់​អាត្មា​» ។

ការ​ចាប់ផ្ដើម​វាយប្រហារ​មុន​មក​លើ​កម្ពុជា​ពី​សំណាក់​ថៃ ទាំង​ស៊ី​វិល និង​យោធា ពុំ​មែនមាន​តែ​ប៉ុណ្ណឹង​ទេ បើ​រាប់​ថយក្រោយ​ខ្លួះ​ៗ ៖
១. កាលសម័យ​ជប៉ុន​ឈ្នះ​សង្គ្រាមលោក ថៃ​លើក​បាន​លើកទ័ព​មក​វាយប្រហារ​ឈ្លានពាន​កម្ពុជា ក្នុង​១៩៤១ រហូត​មាន​អនុសញ្ញា​ទីក្រុង​តូ​ក្យូ ។
២. ឆ្នាំ​១៩៤៩ ថៃ​បាន​បញ្ជូន​ឆ្មាំ និង​នគរបាល​មក​កាន់កាប់​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ។
៣. ឆ្នាំ​១៩៥៤ ថៃ​បញ្ជូន​កងទ័ព​មក​កាន់កាប់​ទឹកដី​ប្រាសាទព្រះវិហារ ។
៤. ថ្ងៃ​ទី​១២-១៩ ខែមេសា ឆ្នាំ​១៩៦៦ ថៃ​បាន​លើកទ័ព​មក​វាយប្រហារ​ប្រាសាទ និង​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​ជា​ថ្មី​ទៀត ។
៦. ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ថៃ​បាន​បញ្ជូន​កងទ័ព​វាយប្រហារ​ឈ្លានពាន​ប្រាសាទព្រះវិហារ ដោយ​ដាក់​គោលដៅ​យុទ្ធសាស្ត្រ​៤​ចំណុច រួម​មាន ភ្នំ​ទ្រព្យ ព្រ​លាន​ឥន្ទ្រី​យ៍ វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ និង​ចំណុច​ទល់មុខ​ខាងកើត​ផ្សារ​នៅ​ជើងភ្នំ​ព្រះ​វិហារ​។ ក្រៅពី​នេះ ថ្មី​ៗ​សើម​ៗ​នេះ គឺ​៖
៧. ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ លើក​កម្លាំង​ទ័ព​ទាំង​ព្រឹក វាយប្រហារ​ទាំង​មិនដឹង​ខ្លួន និង​គ្មាន​រឿង​អ្វី​សោះ នាំ​ឱ្យ​យោធិន​កម្ពុជា​ម្នាក់​ពលី និង​របួស ។
៨. ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ បង្ករឿង​តាំងពី​ព្រលឹម និង​ទំ​រាំ​រក​លេស​បើក​ការ​វាយប្រហារ​មក​កម្ពុជា ទាំង​កំរោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ