ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ថ្កោលទោសថៃចំពោះការវាយប្រហាររចនាសម្ព័ន្ធប្រាសាទព្រះវិហារ រំលោ.ភច្បាប់បេតិកភណ្ឌអន្តរជាតិ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ​បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងប្រដាប់អាវុធ​ថៃ ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។…

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ​បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងប្រដាប់អាវុធ​ថៃ ដែលបានធ្វើការឈ្លានពាន និងបង្កការខូចខាតដល់តំបន់ជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចុះថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយក្រសួងបានចាត់ទុកការវាយប្រហារដោយប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសរបស់ថៃថាជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានលើអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

ការថ្កោលទោសនេះគឺដោយសារតែប្រទេសថៃបាន រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ រួមមាន៖ អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ។ ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារ និងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌។ និងអនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

ក្រសួងបានបញ្ជាក់ថា ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជា “ឧក្រិដ្ឋកម្មសង្គ្រាម”។ ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។ បន្ថែមពីនេះ ក្រសួងនឹងធ្វើការ​វាយតម្លៃលម្អិត​ និង ​ចងក្រងឯកសារពាក់ព័ន្ធ​រួមទាំងការខូចខាតនានា។ ទាមទារ​យុត្តិធម៌ និងសំណង​តាមផ្លូវច្បាប់អន្តរជាតិជាធរមាន។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិនៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែង។

ទន្ទឹមនឹងនេះក្រសួងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ