រាជធានីភ្នំពេញ ៖ មុននឹងឈានដល់ការបាញ់ប្រហារគ្នាទាហានថៃ បានធ្វើការបញ្ឆោតទាហានកម្ពុជា ឲ្យធ្វើការបាញ់នៅក្នុងទឹកដីខ្លួន ប៉ុន្តែទាហានកម្ពុជា មិនបានចូលអន្ទាក់នោះ រហូតធ្វើឲ្យទាហានថៃ បានបាញ់ពីទឹកដីខ្លួន មកលើទាហានកម្ពុជា ដោយបានបាញ់ប្រហារមកលើកកងទ័ពកម្ពុជា ចំនួន៨ទីតាំង នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុខជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃ បានធ្វើការបញ្ឆោតទាហានកម្ពុជា ដោយធ្វើការបាញ់លើកទឹកដីខ្លួន ប៉ុន្តែទាហានកម្ពុជា មិនបានធ្វើការតបតនោះទេ រហូតដល់ទាហានថៃ បានធ្វើការបាញ់ពីទឹកដីខ្លួនមកលើទាហានកម្ពុជា ។
លោកជំទាវ អ្នកនាំពាក្យបានបញ្ជាក់ថា ៖ «នៅក្នុងចំណុចនេះ ថៃបានធ្វើការវាយប្រហារមកលើកម្ពុជាដំបូងនៅប្រសាទតាមាន់ធំ ហើយទាហានកម្ពុជាបានធ្វើការឆ្លើយតបដោយជឿជាក់រឹងមាំ ដូចបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ។ ការវិវត្តន៍ផ្សេងរហូតដល់ពេលនេះ ថៃបានប្រើប្រាស់អាវុធថៃ និងសកម្មភាពផ្សេងបានបញ្ហាភាពច្បាស់លាស់ នូវការឃ្លានពានលើទឹកដីកម្ពុជា ។
ជាមួយគ្នានោះដែរ លោកជំទាវបានលើកឡើងថា ការវាយប្រហារនៅថ្ងៃនេះ មានចំនួន៨ទីតាំង មាន ៖ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ តំបន់វាលឥន្ទ្រី តំបន់តាថាវ តំបន់ភ្នំខ្មោច តំបន់អានសេះ អូការស្លែ និងតំបន់មុំបី។ នៅក្នុងនោះដែរ ថៃបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយប្រើអាវុធធនធ្ងន់ និងប្រើយន្តហោះប្រភេទ F16 ដោយបានទម្លាក់គ្រាប់ នៅតំបន់ខេត្តព្រះវិហារ យ៉ាងគំហុក នៅតំបន់ចំការចេក។ ដោយសារមានភាពស្វាហាប់របស់កងទ័ពកម្ពុជា បានវាយធ្វើឲ្យដណ្តើមប្រាសាទតាក្របីដោយ១០០% និងតំបន់មុំបី ក៏ដណ្តើមបានដោយជោគជ័យ ដែលជាដែនអធិបតេយ្យរបស់កម្ពុជាយើងផងដែរ ។
ចំពោះផលប៉ះពាល់ពីការវាយប្រយុទ្ធនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ភាគីថៃ មិនមានចេតនាត្រឹមតែវាយប្រហារមកលើទីតាំងយោធារបស់កម្ពុជា តែប៉ុណ្ណោះទេ គឺគេក៏បានវាយប្រហារចូលមកដល់ទីតាំងជនស៊ីវិលរបស់កម្ពុជាថែមទៀតផង ដែលធ្វើឱ្យជនស៊ីវិលកម្ពុជា កំពុងរត់ភៀសខ្លួនក្រោមភាពភ័យខ្លាចជាខ្លាំង ។
លោកជំទាវថា ត្រង់បញ្ហានេះ ក្រសួងការពារជាតិ បានចេញភ្លាមៗ នូវសេចក្តីថ្លែងការណ៍ ដោយបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើយ៉ាងសាហាវឃោរឃៅរបស់ភាគីថៃ និងបានស្នើឱ្យសហគមន៍អន្តរជាតិ ធ្វើការថ្កោលទោសឱ្យបានពេញទំហឹង ខណៈដែលក្រសួងការពារជាតិ នឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីឱ្យភាគីថៃទទួលខុសត្រូវចំពោះទង្វើឈ្លានពានដ៏កំរោលរបស់ខ្លួន ជាពិសេសឱ្យថៃបញ្ចប់ជាបន្ទាន់ នូវទង្វើអរិយភាព ដកទ័ពចេញពីទឹកដីកម្ពុជា និងចៀសវាងសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យកើនឡើង នូវភាពតានតឹងបន្ថែមទៀត ។
ក្នុងនាមក្រសួងការពារជាតិ និងក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសម្តែងនូការគោរពយ៉ាងជ្រាលជ្រៅជូនចំ ពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីការគាំទ្រ និងឈរនៅជាមួយ កងទ័ពជួរមុខ ព្រមទាំងមានការជឿជាក់មកលើ រាជរដ្ឋាភិបាល និងភាពអង់អាចក្លាហានរបស់វីរកងទ័ព ដែលមិនមានភាពតក់ស្លុតចំពោះទង្វើឈ្លានពាន ដ៏គួរឱ្យស្អប់ខ្ពើមរបស់ភាគីថៃ និងក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ កុំតក់ស្លុត និងបន្តជីវភាពរស់នៅជាធម្មតា ៕
ចែករំលែកព័តមាននេះ