រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ទោះបីជាកងទ័ពកម្ពុជា-ថៃ នៅព្រំដែន កំពុងប្រយុទ្ធគ្នាក៏ដោយ ។
សម្តេចបវរធិបតី បានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា ៖ «ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើស អើង ឬធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា» ។
សម្តេចបវរធិបតី បានលើកឡើងទៀតថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ ឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ ។
ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ នៅប្រទេសថៃ តាមរយៈលេខទូរសព្ទ ខាងក្រោម ៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥ ៕

ចែករំលែកព័តមាននេះ