រាជធានីភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរបានសួរយកចម្លើយរបស់ជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាង ដែលមានក្នុងសំណុំរឿងមានភាពស៊ីសង្វាក់គ្នាទៅនឹងអង្គហេតុដែលបានបើកការចោទប្រកាន់ រួចចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនចំនួន៤នាក់ ជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោង ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ជនត្រូវចោទជាជនជាតិចិនទាំង៤នាក់នោះទី១ ឈ្មោះ CHANG YU TING ភេទ ប្រុស អាយុ២៩ឆ្នាំ , ទី២ ឈ្មោះ HANG LIN KAI ភេទប្រុស អាយុ៤១ឆ្នាំ , ទី៣ ឈ្មោះ WU TUNG HSIEN ភេទប្រុស អាយុ៣២ឆ្នាំ និងទី៤ ឈ្មោះ LIN YU CHON ភេទប្រុស អាយុ២៦ឆ្នាំ ។ ពួកគេទាំង៤នាក់នេះត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលចុះបង្ក្រាបនៅចំណុចភូមិគ្រឹះ KK ផ្ទះលេខ១០៥១ ផ្លូវបេតុងភូមិច្រេស សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តបទល្មើសឆបោកមានស្ថានទម្ងន់ទោសដោយមានអង្គការចាត់តាំងតាមប្រព័ន្ធអនឡាញ (Online Scam) និងលួចយកលិខិតឆ្លងដែនរបស់ជនរងគ្រោះទៅបញ្ចូលស៊ីមកាតសម្រាប់ប្រព្រឹត្តបទល្មើស ។
យោងទៅលើភស្តុតាងនានា ព្រមទាំងរបាយការណ៍ពីលទ្ធផលកោសល្យវិច័យបឋមលើកុំព្យូទ័រ និងទូរសព្ទដៃរបស់ក្រុមជនសង្ស័យ រួចមក ឃើញថា ក្រុមជនល្មើសដែលជាជនជាតិចិនបានប្រមូលផ្តុំគ្នាប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធអនឡាញដែលអំពើខុសច្បាប់ដោយក្នុងនោះមានឈ្មោះ AXIU ជាមេក្លោងចាំបញ្ជាពីក្រៅប្រទេស និងឈ្មោះ LAI YOU ZHEN ជាអ្នកចាត់ចែងលើការចាយវាយផ្សេងៗ និងចាត់ចែងលើការជួលទីតាំងខាងលើ ដើម្បីងាយស្រួលក្នុងការប្រព្រឹត្តបទល្មើស ។
ក្រុមជនល្មើសបានបង្កើតគណនីនៅលើបណ្តាញសង្គម ទាក់ទងទៅជនរងគ្រោះពីបណ្តាប្រទេសនានា ដែលមានបំណងចង់ Call ទៅទីក្រុងហុងកុង ឱ្យថតលិខិតឆ្លងដែនផ្ញើមកឱ្យខ្លួន ដើម្បីភ្ជាប់ជាមួយស៊ីមកាតបរទេសដែលក្រុមរបស់ខ្លួនបានត្រៀមរួចជាស្រេច ។
លើសពីនេះក្រុមជនល្មើសក៏មានទទួលធ្វើលិខិតឆ្លងដែនក្លែងក្លាយផងដែរ ដោយក្រុមជនល្មើសបានយករូបភាពលិខិតឆ្លងដែនរបស់ជនរងគ្រោះមកធ្វើការក្លែងបន្លំព័ត៌មាន រួចធ្វើចេញជាលិខិតឆ្លងដែនថ្មីមួយទៀត ដោយប្រើប្រាស់អត្តសញ្ញាណរបស់អ្នកផ្សេង៕
ចែករំលែកព័តមាននេះ