ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បោសសម្អាត និង​ទប់ស្កាត់​ឧ.ក្រិ.ដ្ឋកម្ម​ឆ្លង​ដែន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ វៀតណាម​បាន​ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បោសសម្អាត និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ។ ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម​នៅ​កម្ពុជា​ ។ ការ​ប្រកាស​គាំទ្រ​នេះ​ ​​ខណៈ​ដែល​ឯកឧត្តម​សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ​ ៖​ វៀតណាម​បាន​ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បោសសម្អាត និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ។ ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម​នៅ​
កម្ពុជា​ ។

ការ​ប្រកាស​គាំទ្រ​នេះ​ ​​ខណៈ​ដែល​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្កើត​យន្តការ គ​.​ប​.​ឆ​.​ប ដែល​មាន​សមាសភាព​ពី​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា គ​.​ប​.​ឆ​.​ប គឺជា​យន្តការ​បំពេញបន្ថែម​លើ​យន្តការ​មាន​ស្រាប់​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត​។ ក្រោយ​ការ​បង្កើត​គ​.​ប​.​ឆ​.​ប​. កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប និង​បោស​សម្អាត ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់​លើ​ទីតាំង​សង្ស័យ​។

ឯកឧត្តម​សន្តិ​បណ្ឌិត​ក៏​បាន​ជម្រាប​ជូន​ពី​លទ្ធផល​នៃ​ប្រតិបត្តិការ​នា​ពេល​ថ្មី​ៗ​នេះ និង​បាន​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​វៀតណាម​បាន​គូសបញ្ជាក់​ថា ៖«​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មិនមែន​ជា​បញ្ហា​ថ្មី​ទេ​។ បញ្ហា​នេះ​បាន​កើតឡើង​មិនមែន​តែ​នៅ​កម្ពុជា​ទេ គឺ​មាននៅ​ប្រទេស​ផ្សេង​ជា​ច្រើន​ទៀត​។ វៀតណាម​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង និង​លទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ន» ​។

ឯកឧត្តម បាន​គាំទ្រ​១០០% លើ​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ត្រៀមលក្ខណៈ​ជួយ​ទាំង​ការ​ទប់ស្កាត់ និង​ការ​ស្រាវជ្រាវ ស៊ើបអង្កេត​ក្នុង​ករណី​មាន​សំណូមពរ​។លើស​ពី​នេះ ឯកឧត្តម ផ្ទាល់​ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ដែរ និង​បាន​កត់​សម្គាល់ថា ឧក្រិដ្ឋជន​តែង​បាន​រត់​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​។ វៀត​ណាម​សូម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប បោសសម្អាត និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នេះ​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ កន្លង​មក​។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នា​ពេល​កន្លង​មក និង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ចំពោះ​វិធានការ​បន្ទាប់ សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែ​ជិត​ស្និ​ទ​ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​ទាំង​ការ​ចែករំលែក​ព័ត៌មាន និង​ការ​សម្របសម្រួល​បញ្ជូន​ពលរដ្ឋ​វៀតណាម​ពាក់ព័ន្ធ ត្រលប់​ទៅ​មាតុប្រទេស​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ