រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុតបន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា ។

យោងតាមសេចក្ដីថ្លែងការរបស់អាជ្ញាធរមីន នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោម ដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្កការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន ។
ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ។ គ្រាប់បែកចង្កោមត្រូវបានហាមប្រាមនៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះបង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច ។
កម្ពុជាបានយល់ច្បាស់អំពីផលប៉ះពាល់ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារគ្រាប់ប្រភេទនេះ ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម ។
គ្រាប់បែកចង្កោមទាំងនេះបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន រារាំងការអភិវឌ្ឍ ជំនាន់ទៅមុខ និងបង្កភាពភ័យក្លាយដល់សហគមន៍ជាច្រើនជំនាន់ទៅមុខ ។
បើតាមអាជ្ញាធរមីន ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់ ។
កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជាបានគំរាមកំហែងដល់អាយុជីវិត និងកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តដែលបានសាងមកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
អាជ្ញាធរមីន សូមធ្វើការថ្កោលទោសជាខ្លាំង ចំពោះទង្វើនេះ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អាវុធប្រភេទនេះ ។ ទង្វើនេះ គឺកើតឡើង ខណៈពេលដែលកម្ពុជាបាន និងកំពុងរក្សានូវភាពអត់ធ្មត់ជាអតិប្បរមា និងអនុលោមពេញលេញទៅតាមគោលការណ៍នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ។
ជាមួយគ្នានោះដែរ អាជ្ញាធរមីន សូមរម្លឹកដល់គ្រប់ភាគីផងដែរថា វឌ្ឍនភាពសកម្មភាពមីន និងសន្តិភាពក្នុងតំបន់ អាចសម្រេចបានតាមរយៈកិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការបដិសេធដាច់ខាតចំពោះ អំពើហិ.ង្សា និងការប្រើប្រាស់កម្លាំងយោធា ។
អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាព និងស្នើអញ្ជើញដល់សហគមន៍អន្តរជាតិ រួមទាំង អង្គការសហប្រជាជាតិ អាស៊ាន និងគ្រប់ស្ថាប័ន ពាក់ព័ន្ធទៅនឹងការរំសាយអាវុធមនុស្សធម៌ ចូលរួមតាមដានស្ថានការណ៍ ។
ក្នុងសេចក្ដីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា ៖ «ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពនេះជាបន្ទាន់ និងត្រូវរក្សានូវគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី» ។
សូមជម្រាបជូនថា ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា នៅវេលាម៉ោង ០៥:២៥នាទីព្រឹក យោធាថៃបានទម្លាក់គ្រាប់បែកចង្កោមនៅទីតាំងភ្នំខ្មោចនៅតាមបណ្តោយព្រំដែនខេត្តព្រះវិហារ ។ ការវាយប្រហារនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ក្នុងតំបន់ព្រំដែន និងបំពានចំពោះច្បាប់អន្តរជាតិ ។
ការវាយប្រហារ លើកទីពីរ គឺនៅវេលាម៉ោង០៦:៥០ នាទីនៅទីតាំងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ដែលបានគំរាមកំហែងដល់អាយុជីវិតប្រជាជននៅតាមតំបន់ព្រំដែន៕
ចែករំលែកព័តមាននេះ