បទល្មើសធនធានធម្មជាតិថយចុះ បើធៀបនឹងឆ្នាំមុន ដោយសារមន្ត្រីឧទ្យានុរក្សប្រើប្រាស់បច្ចេកវិទ្យាថ្មី
រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិ ត្រូវបានបង្ក្រាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះ មានការថយចុះចំនួន…
រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិ ត្រូវបានបង្ក្រាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះ មានការថយចុះចំនួន…
រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិ ត្រូវបានបង្ក្រាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះ មានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ នៅក្នុងរយៈដូចគ្នាដែរ មន្ត្រីឧទ្យានុរក្ស បានដកហូត អន្ទាក់ឆក់ ចំនួន ៤៣២ម និងអន្ទាក់ខ្សែបានចំនួន១១ ៣៣៦ខ្សែ អាវុធចំនួន ៨ដើម គ្រាប់ចំនួន ១០៨គ្រាប់ កាំភ្លើងកែច្នៃ ចំនួន ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត។ ដោយឡែក ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចក្រសួងបរិស្ថាន បានចាត់ការបញ្ជូនសំណុំរឿងបទល្មើស ទៅតុលាការ បានចំនួន៩១ ករណី និងជនសង្ស័យចំនួន៧២នាក់ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ជារួមចំនួនបទល្មើស និងករណីការបង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានការថយចុះច្រើន ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។
អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះករណីបទល្មើស គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស រួមជាមួយអ្នកពាក់ព័ន្ធ បានពង្រឹងសមត្ថភាព និងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមមានការប្រើប្រាស់ដូន ការប្រើប្រាស់ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ក្នុងការទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារធម្មជាតិ ៕
ចែករំលែកព័តមាននេះ