ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក ​CMAC ៖ ការ​ផ្ទុះ​មីន​ដាច់​កជើង​ទាហាន​ថៃ​ គឺ​កើត​ក្នុងភូមិ តេ​ជោមរកត ខេត្តព្រះវិហារ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក ហេង រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​ឬ​ហៅ​កាត់​ថា ​CMAC បាន​ពន្យល់​នៅ​យប់​នេះ​ថា ការ​ផ្ទុះ​មីន​ធ្វើ​អោយ​ដាច់​កជើង​ទា​ហា​ថៃ​…

រាជធានីភ្នំពេញ ៖ លោក ហេង រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​ឬ​ហៅ​កាត់​ថា ​CMAC បាន​ពន្យល់​នៅ​យប់​នេះ​ថា ការ​ផ្ទុះ​មីន​ធ្វើ​អោយ​ដាច់​កជើង​ទា​ហា​ថៃ​ គឺ​កើតឡើង​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

ខាងក្រោម​នេះ​ជា​ខ្លឹមសារ ដែ​លោកបាន​ផ្សាយ​តាម​បណ្តាញ​សង្គម​របស់​លោក​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ កក្កដា​នេះ​ ៖

ផ្អែក​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហការ​ប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ស្តី​ពី​”​កា​រប​ដិ​សេ​ដ​ការ​ចោទប្រកាន់​ថា​កម្ពុជា​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​”​ និង​បាន​បញ្ជាក់​ច្បាស់​ថា ករណី​ទាហាន​សៀម​ជាន់​គ្រាប់​មីន​កប់​ក្នុង​ដី​ គឺ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​ ។

បើ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​ឃើញ​ថា ​៖

  • ករណី​ផ្ទុះ​នេះ​ស្ថិត​ក្នុង​ចម្ការ​មីន​លេខ BS/CMAA/16808 ស្ថិត​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចម្ការ​មីន​នេះ​មិន​ទាន់​បាន​បោសសម្អាត​នៅ​ឡើយ​ទេ ​។
  • បើ​ពិនិត្យ​ស្ថានភាព ​នៃ​ទាហាន​សៀម​រង​របួស​ដាច់​”​ក​ជើ​ង​”​ម្ខាង នោះ អាច​បញ្ជាក់​ថា ការ​ផ្ទុះ​អាច​បង្ក​ឡើ​ង​ដោយ​ប្រភេទ​គ្រាប់​មីន ​ដែល​មាន​បរិមាណ​ជាតិ​ផ្ទុះ​ទាប ដូច​ជា​ប្រភេទ​មីន​72A ឬ 72B ឬ M14 ឬ MN79 ឬ​ក៏ ​MD82B ជា​ដើ​ម ដែល​ជា​គ្រាប់​មីន​ចាស់​សំណល់​សង្គ្រាម​ និង​មាន​កម្រិត​ជាតិ​ផ្ទុះ​ប្រមាណ​ត្រឹមតែ​ជាង​៣០​ក្រាម​ប៉ុណ្ណោះ​ ។
  • ប្រ​សិន​បើ​ទាហាន​សៀម​នោះ ជាន់​ផ្ទុះ​ប្រភេទ​គ្រាប់​មីន ​PMN-2 និង​ស្រប​តាម​ការ​ចោទប្រកាន់​ថា​ ជា​គ្រាប់​មីន​ PMN-2​ ថ្មី​ផង​នោះ ទាហាន​រូប​នេះ​អាច​ដាច់​ជើ​ង​ទាំង​២ ឬ​ក៏​រង​របួស​ធ្ងន់ធ្ងរ ឬ​ក៏​ស្លា.ប់​តែ​ម្តង ព្រោះថា​ ក្នុង​គ្រាប់​មីន ​PMN-2 មួយ​គ្រាប់​មាន​បរិមាណ​ជាតិ​ផ្ទុះ​ចំនួន​រហូត​ដល់​១១៥​ក្រាម​។ ការ​សន្និដ្ឋាន​នេះ ​ដោយ​ផ្អែក​លើ​ភាព​ជាក់ស្តែង​ នៃ​ជន​រង​គ្រោះ​ ដោយសារ​ការ​ផ្ទុះ​គ្រាប់​មីន PMN-2 ជា​ច្រើ​ន​ករណី​កន្លង​មក​នៅ​កម្ពុជា ​។

សូម​បញ្ជាក់​ថា ចម្ការ​មីន​រាប់រយ​គីឡូម៉ែត្រ​ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​មិន​ទាន់​ធ្វើការ​បោសសម្អាត​គ្រាប់​មីន​ទាំងនោះ​នៅ​ឡើយ​ទេ ដោយសារ​កម្ពុជា​ បន្ត​ខិតខំ​អនុវត្ត​ការ​បោសសម្អាត​មីន​តាម​ការ​កំណត់​អាទិភាព​ប​ម្រើ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ និង​ការ​គាំទ្រ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ