ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​កុមារ​ជា​អ្នក​បន្តវេន​របស់​ប្រទេស​ជាតិ ដូច​ពាក្យស្លោក​ថា “​កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​” និង “​កុមារ​ជា​សសរទ្រូង​សម្រាប់​ប្រទេស​ជាតិ​”

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​មណ្ឌល​ផ្កាឈូក​របស់​អង្គភាព​ការពារ​កុមារ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​”…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​មណ្ឌល​ផ្កាឈូក​របស់​អង្គភាព​ការពារ​កុមារ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​” ដែល​មាន​ទីតាំង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​កុមារ​ជា​អ្នក​បន្តវេន​របស់​ប្រទេស​ជាតិ ដូច​ពាក្យស្លោក​ថា “​កុមារ​ជា​ទំពាំង​ស្នង​ឫស្សី​” និង “​កុមារ​ជា​សសរទ្រូង​សម្រាប់​ប្រទេស​ជាតិ​” ព្រមទាំង​បាន​ផ្តល់​សច្ចាប័ន​អន្តរជាតិ​ជា​ច្រើន ជា​អាទិ៍​៖ (១). អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​នៅ​ឆ្នាំ​១៩៩២, (២). អនុសញ្ញា​លេខ​១៣៨ ស្តី​ពី​ការ​កម្រិត​អាយុ​អប្បបរមា​សម្រាប់​ការ​ចូល​ធ្វើការ​នៅ​ឆ្នាំ​១៩៩៩, (៣). ពិធីសារ​បន្ថែម​ស្តី​ពី​ការ​ចូលរួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​, (៤). ពិធីសារ​ស្តី​ពី​ការ​ជួញដូរ​កុមារ ការ​ធ្វើ​ពេស្យា​កម្ម​កុមារ និង​រូបភាព​អាសអាភាស​កុមារ នៅ​ឆ្នាំ​២០០២, (៥). អនុសញ្ញា​លេខ​១៨២ ស្តី​ពី ការ​ហាមប្រាម និង សកម្មភាព​បន្ទាន់​សម្រាប់​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ នៅ​ឆ្នាំ​២០០៥, និង (៦). អនុសញ្ញា​ក្រុង​ឡា​អេ​ស្តី​ពី​ការ​ការពារ​កុមារ និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស នៅ​ឆ្នាំ​២០០៧ ជាដើម ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​អំពើ​រំលោភ​បំពាន​គ្រប់​រូបភាព សំដៅ​លើក​ស្ទួយ​សុខុមាលភាព​ប្រជាពលរដ្ឋ​, ជា​ពិសេស ស្ត្រី និង កុមារ ដែល​ជា​ជន​ងាយ​រង​គ្រោះ​បំផុត និង​សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​, វិស័យ​ឯកជន​, សង្គម​ស៊ី​វិល​, ដៃគូ​អភិវឌ្ឍ​, អង្គការ​ជាតិ​-​អន្តរជាតិ សូម​បង្កើន​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​រំលោភ​បំពាន​គ្រប់​រូបភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​រំលេច​អំពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ច្រើន របស់​រាជរដ្ឋាភិបាល ដើម្បី​គាំពារ និង លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា​។ ជាក់ស្តែង​, រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក្នុង​ឆ្នាំ​២០០៩ និង ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ ឆ្នាំ​២០១៩-២០២៩ ក្នុង​ឆ្នាំ​២០២០ ជាមួយ​ចក្ខុវិស័យ «​ធានា​ឱ្យ​កុមារ​គ្រប់​រូប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​សិទ្ធិ​ស្មើ​ៗ​គ្នា ដូច​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ និង ពិធីសារ​បន្ថែម​, មាន​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួល​បាន​នូវ​ការ​ការពារ សិទ្ធិ​អភិវឌ្ឍ និង សិទ្ធិ​ចូលរួម », និង គោលបំណង «​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង ប្រទាក់ក្រឡា​គ្នា ពី​គ្រប់​ភាគី​ពាក់ព័ន្ធ សំដៅ​ឆ្លើយ​តប​ទៅ​នឹង​កិច្ច​ការពារ​កុមារ​ពី​ការ​រំលោភ​បំពាន និង ការ​កេងប្រវ័ញ្ច​គ្រប់​ទម្រង់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​កុមារ​» ។ ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​ទប់ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ឆ្នាំ​២០២៥-២០៣០​។ ក្នុង​នោះ​, ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ បាន និង កំពុង ដើរតួ​នាទី​ជា​យន្តការ​សម្របសម្រួល និង ផ្តល់​យោបល់​ជូន​រាជរដ្ឋាភិបាល លើ​ការងារ​ទាក់ទង​នឹង​ការ​រស់រាន​មានជីវិត​, ការ​អភិវឌ្ឍ​, ការ​ការពារ​, ការ​លើកកម្ពស់​សុខុមាលភាព និង ការ​ចូលរួម​ចំណែក របស់​កុមារ ។

មុន​នឹង​បញ្ចប់ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ខ្ពស់​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ ដែល​ធ្វើការ​ពិតប្រាកដ នៅ​កម្ពុជា​។ ជាក់ស្ដែង​, អង្គភាព​ការពារ​កុមារ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា គឺជា​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ រវាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង អង្គការ​មូលនិធិ​កុមារ​កម្ពុជា ។ អង្គភាព​ការពារ​កុមារ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ ជាមួយ​គោលបំណង​ផ្តល់​ការ​ជ្រោមជ្រែង​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​កិច្ចការ​ស៊ើបអង្កេត និង កិច្ចការ​គាំពារ​កុមារ​រង​គ្រោះ ដោយសារ​បទល្មើស​, បៀតបៀន​, កេងប្រវ័ញ្ច និង ជួញដូរ ។ លើស​ពី​នេះ​, អង្គភាព​ការពារ​កុមារ មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ មាន​បេសកកម្ម​ច្បាស់លាស់ និង គុណ​តម្លៃ​ត្រឹមត្រូវ ដែល​បាន និង កំពុង​ដើរតួ​នាទី​ជា​ត្រីវិស័យ សម្រាប់​ដឹកនាំ​អង្គភាព​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​គាំពារ​កុមារ​កម្ពុជា​, តាម​រយៈ ការ​ផ្តល់​សេវាកម្ម​ស៊ើបអង្កេត និង សេវាកម្ម​គាំពារ​កុមារ​រង​គ្រោះ ដោយសារ​អំពើ​រំលោភ​បំពាន​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ