ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងប៉មឥដ្ឋប្រាសាទប្រែរូប លេខ១១ និងលេខ១២

9 ម៉ោង មុន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តគម្រោងជួសជុល និងពង្រឹងដ៏សំខាន់មួយ ទៅលើប៉មឥដ្ឋចំនួនពីរ គឺប៉មលេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប។ ការងារនេះមានគោលបំណងធានានូវស្ថិរភាព…

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តគម្រោងជួសជុល និងពង្រឹងដ៏សំខាន់មួយ ទៅលើប៉មឥដ្ឋចំនួនពីរ គឺប៉មលេខ១១ និងលេខ១២ នៅរួតទី១ នៃប្រាសាទប្រែរូប។ ការងារនេះមានគោលបំណងធានានូវស្ថិរភាព និងភាពគង់វង្សនៃសំណង់បុរាណទាំងនេះ បន្ទាប់ពីមានការរកឃើញនូវហានិភ័យនៃការពុកផុយ និងការខូចខាត។

គម្រោងនេះផ្តោតសំខាន់លើការ​ជួសជុល និងពង្រឹងតួប៉មឥដ្ឋ​លេខ១១ និងលេខ១២។ លោក សូរ ប៉ោត បុរាណវិទូ និងជាស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា ជញ្ជាំងឥដ្ឋនៃប៉មទាំងពីរនេះ មានស្នាមប្រេះ រលុះបាក់បែក មានស្មៅដុះ និងទឹកភ្លៀងជ្រាបចូល។ មិនត្រឹមតែប៉ុណ្ណោះ រចនាសម្ព័ន្ធគ្រឹះនៃប្រាសាទទាំងមូលក៏ប្រឈមនឹងហានិភ័យផងដែរ។ ក្រុមការងារបានចាប់ផ្តើមជួសជុលពង្រឹងគ្រឹះជាមុនសិន មុននឹងបន្តជួសជុលជញ្ជាំងឥដ្ឋជុំវិញ។

ការងារជួសជុលនេះត្រូវបានអនុវត្តដោយក្រុមអ្នកជំនាញ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា។ ក្រុមការងារនេះមានបទពិសោធយ៉ាងទូលំទូលាយក្នុងការជួសជុល និងថែទាំប្រាសាទ ហើយអនុវត្តតាមបច្ចេកទេស និងបទដ្ឋានដែលកំណត់ដោយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

គម្រោងជួសជុលនេះបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅ ចុងខែធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន ការងារសម្រេចបានប្រមាណ ៣០% ហើយ។

​មូលហេតុចម្បងនៃការជួសជុលនេះ គឺដើម្បីពង្រឹងតួប៉មប្រាសាទឥដ្ឋឱ្យរឹងមាំឡើងវិញ បន្ទាប់ពីបានពិនិត្យឃើញនូវហានិភ័យ និងការខូចខាត។ ការខូចខាតទាំងនេះបណ្តាលមកពីកត្តាធម្មជាតិដូចជា សំណើម ទឹកភ្លៀងជ្រាបចូល និងការដុះរបស់រុក្ខជាតិ។ ការងារអភិរក្សនេះមានសារៈសំខាន់ណាស់ ដើម្បីរក្សាទុកប្រាសាទប្រែរូប ដែលជាបេតិកភណ្ឌសម្រាប់មនុស្សជាតិ ឱ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ អាជ្ញាធរជាតិអប្សរាអនុវត្តការងារជួសជុល អភិរក្ស និងថែទាំជាប្រចាំទៅលើប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ។

ក្រុមអ្នកជំនាញកំពុងអនុវត្តការងារដោយជួសជុលពង្រឹងគ្រឹះជាមុនសិន បន្ទាប់មកនឹងបន្ត ជួសជុលជញ្ជាំងឥដ្ឋព័ទ្ធជុំវិញ។ដំណើរការជួសជុលនេះគឺប្រើប្រាស់បច្ចេកទេសដែលធ្លាប់មានបទពិសោធលើប្រាសាទឥដ្ឋផ្សេងៗទៀតក្នុងតំបន់អង្គរ ហើយអនុលោមតាមបទដ្ឋានដែលបានកំណត់ដោយ ICC-អង្គរ។

សូមជម្រាបជូនថាប្រាសាទប្រែរូបត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១០ (ឆ្នាំ៩៦១ នៃគ.ស.) ដោយប្រើប្រាស់ថ្មបាយក្រៀម ថ្មភក់ និងឥដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ