ទីក្រុងហាណូយ៖ ប្រទេសវៀតណាមកំពុងតែលិចលង់យ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលនៃខ្យល់ព្យុះវីផាដែលពាំនាំទៅជាមួយនូវភ្លៀង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ថ្ងៃនេះជំនន់ទឹកភ្លៀងបានហ៊ុមព័ទ្ធជុំជិតនៅតាមតំបន់១ចំនួន និងកាត់ផ្ដាច់អ្នកស្រុករាប់រយគ្រួសារឱ្យដាច់ឆ្ងាយពីសហគមន៍ដទៃទៀត។ ហេតុការណ៍នេះកើតឡើងនៅវៀតណាមកណ្ដាល និងខាងជើង។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអាជ្ញាធរ។

មនុស្ស១២៥០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ចេញពីតំបន់គ្រោះថ្នាក់កាលពីចុងសប្ដាហ៍។ ពោលគឺជម្លៀសមុនពេលការមកដល់នៃខ្យល់ព្យុះវីផាកាលពីថ្ងៃអង្គារ។ ឥឡូវនេះ វៀតណាមកំពុងតែមានភ្លៀងធ្លាក់ខ្លាំងអមដោយការបាក់ដី និងទឹកជំនន់យ៉ាងល្ហល្ហាច។ អាជ្ញាធរនៅខេត្តញ៉ែអាន (Nghe An) ប្រាប់ថាស្ថានីយវារីអគ្គិសនីបានវេ (Ban Ve) ដែលជាស្ថានីយធំជាងគេប្រចាំតំបន់នេះត្រូវតែបង្ហូរទឹកចេញខ្លះ។

ភូមិស្រុកមួយចំនួនរងគ្រោះយ៉ាងដំណំដោយសារការហក់ឡើងយ៉ាងឆាប់រហ័សនៃជំនន់ទឹកភ្លៀង។ គិតត្រឹមយប់ថ្ងៃអង្គារផ្ទះខ្លះត្រូវទឹកជំនន់លិចដល់រត ឬលិចបាត់ដំបូលក៏មានដែរ។ ហេតុនេះ អ្នកស្រុកត្រូវតែជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព។ ជនជាតិវៀតណាមម្នាក់ឈ្មោះង្វៀនថៃហុង (Nguyen Thai Hung)ប្រាប់ថាទឹកឆ្នាំនេះហក់ឡើងខ្ពស់ជាងរាល់ឆ្នាំឆ្ងាយណាស់ ហើយបង្កបញ្ហាធ្ងន់ធ្ងរជាងកាលពីទឹកជំនន់ឆ្នាំ១៩៨៨ទៅទៀត។ គាត់ប្រាប់ថាពួកយើងគិតអ្វីលែងចេញតែម្ដងនៅពេលទឹកឡើងលិចដល់ដំបូលផ្ទះ។

នៅឃុំយេនហាវ (Yen Hoa) មនុស្សជាង២រយគ្រួសារត្រូវរស់នៅឯកោតែឯងបន្ទាប់ពីត្រូវហ៊ុមព័ទ្ធជុំជិតដោយវាលទឹកដ៏ល្ហល្ហេវ។ ច្រកចូលតែមួយគត់ទៅក្នុងភូមិត្រូវកាត់ផ្ដាច់ដោយជំនន់ទឹកភ្លៀង។ ខ្យល់ព្យុះវីផាសម្លាប់មនុស្សស្លាប់យ៉ាងតិច៦នាក់នៅហ្វ៊ីលីពីនគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។ ហ្វ៊ីលីពីនក៏រងគ្រោះសម្បើមណាស់ដែរ។ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈដែលផ្នែកខ្លះនៃរដ្ឋធានីម៉ានីឡានៅតែបន្តមានទឹកលិចរហូតដល់សព្វថ្ងៃ។

អ្នកជំនាញថ្លែងថានេះជាផលនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលនេះកើតឡើងដោយសារស្នាដៃរបស់មនុស្ស។ មានន័យថាមនុស្សបំផ្លាញធម្មជាតិដូចបំផ្លាញខ្លួនឯងដូច្នោះដែរ។ ហេតុការណ៍ទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ទឹកសមុទ្រឡើងកម្ដៅ និងរីកមាឌ។ល។ និង។ល។ សុទ្ធតែកើតចេញពីការបញ្ចេញផ្សែងពុលចេញពីឡាន ម៉ូតូ និងរោងចក្រនានា។ ខាងលើនេះជាការស្រង់ប្រភពពីឆនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ