ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកអ៊ីស៊ីបា បានបដិសេធព័ត៌មានដែលផ្សាយថាលោកសម្រេចចិត្តចុះចេញពីតំណែងនាខែសីហាខាងមុខនេះហើយ។ សារព័ត៌មានចុះផ្សាយថាលោកអ៊ីស៊ីបាសម្រេចចិត្តបោះបង់តំណែងបន្ទាប់ពីលទ្ធផលបោះឆ្នោតនៅព្រឹទ្ធសភាបង្ហាញថាគណបក្សរបស់លោកចាញ់ឆ្នោត។ ដូច្នេះដើម្បីប៉ះប៉ូវការខូចខាត លោកសម្រេចចិត្តលាលែង។
តាមពិត ការលាលែងខ្លះធ្វើឡើងទាំងបង្ខំ មានន័យថាផ្ទៃក្នុងដកហូតតំណែងតែម្ដង។ ប៉ុន្តែពីសម្បកក្រៅគេសុខចិត្តទុកមុខឱ្យ។ ម៉្លោះហើយ គេថាលាលែងពីតំណែងដោយសុទ្ធចិត្ត។ នៅក្នុងករណីនាយករដ្ឋមន្ត្រីជប៉ុន នៅពេលអ្នកសារព័ត៌មានសួរអំពីបញ្ហានេះ មេដឹកនាំវ័យ៦៨ឆ្នាំរូបនេះប្រាប់ថាលោកមិនដែលបានចេញសេចក្ដីថ្លែងការណ៍នេះទេ (លាពីតំណែង)។ ការចុះផ្សាយរបស់សារព័ត៌មាននោះគ្មានមូលដ្ឋានទាល់តែសោះ។
សូមជម្រាបថាដំណឹងលាលែងនេះកើតឡើងបន្ទាប់ពីលោកអ៊ីស៊ីបា និងលោកត្រាំទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីយប់មិញ។ ក្នុងនោះ អាមេរិកយល់ព្រមបញ្ចុះអត្រាពន្ធគយទៅលើរថយន្តរបស់ជប៉ុន និងមិនដំឡើងពន្ធបន្ថែមទៅលើទំនិញដទៃទៀតនោះទេ។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថាលោកអ៊ីស៊ីបាសម្រេចចិត្តមិនចុះពីតំណែងទេទោះបីចាញ់ឆ្នោតនៅព្រឹទ្ធសភាក៏ដោយ។
លោកធ្វើបែបនេះដើម្បីកុំឱ្យមានអស្ថិរភាពនយោបាយនៅក្នុងផ្ទៃក្នុងជាតិព្រោះពេលវេលាកំពុងតែប្រថុចញ៉ុចខ្លាំងណាស់។ នៅសល់ប្រហែល៨ ឬ៩ថ្ងៃទៀតប៉ុណ្ណោះត្រូវដល់ឱសានវាទដំឡើងពន្ធរបស់លោកត្រាំហើយ។ ទោះជាយ៉ាងណាក្ដី កាលពីព្រឹកមិញ សារព័ត៌មានជប៉ុនបានចុះផ្សាយជាហូរហែថាលោកអ៊ីស៊ីបានឹងប្រកាសលាលែងពីតំណែងនៅដើមខែសីហា។
បើសិនលោកចុះពីតំណែងមែន មានន័យថាគណបក្សរបស់លោកត្រូវប្រកួតប្រជែងជាមួយគណបក្សដែលទើបតែបង្កើតថ្មីៗ និងកំពុងឡើងសន្លឹកឆ្នោត។ ជាពិសេសគណបក្សស្ដាំនិយម។ នៅក្នុងចំណោមនោះមានគណបក្ស «តម្កល់ផលប្រយោជន៍ជប៉ុនទី១ ឬ Japanese First» ជាក្រុមស្ដាំនិយមជ្រុលដែលបានឡើងសន្លឹកឆ្នោតគ្រាន់បើនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ។
គណបក្សនេះទាក់ទាញសន្លឹកឆ្នោតដោយសារកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ដូចជាប្រឆាំងនឹងជនអន្តោប្រវេសន៍, កាត់បន្ថយអត្រាពន្ធ និងការផ្ដល់ហិរញ្ញប្បទានសម្រាប់ដោះស្រាយបញ្ហាបង់រំលស់ផ្ទះ។ បើលោកអ៊ីស៊ីបាចុះពីតំណែងនាដើមខែសីហា ពិតមែន អ្នកដែលត្រូវមកដឹកនាំគណបក្សកាន់អំណាចក៏អង្គុយមិនស្រណុកខ្លួនប៉ុន្មានដែរព្រោះមានសំឡេងគាំទ្រមិនគ្រប់គ្រាន់នៅក្នុងរដ្ឋសភា។
ដូច្នេះ នយោបាយជាអាទិភាពគឺត្រូវទៅទាក់ទងគណបក្សប្រឆាំងដើម្បីទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពេញសិទ្ធិជានាយករដ្ឋមន្ត្រីពីសភា។ ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីទំនងជាមិនទាន់ប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រទេព្រោះគណបក្សកំពុងតែធ្លាក់ប្រជាប្រិយភាពខ្លាំង។ ដូច្នេះត្រូវការស្ដារកេរ្តិ៍ឈ្មោះ និងរៀបចំកម្មវិធីនយោបាយប្រកបកបដោយភាពទាក់ទាញជាមុនសិន។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ