ទីក្រុងបាងកក៖ បណ្ដាខេត្តរបស់ប្រទេសថៃភាគឦសានជាប់នឹងប្រទេសឡាវកំពុងទទួលរងឥទ្ធិពលខ្យល់ព្យុះវីផាបន្ទាប់ពីខ្យល់ព្យុះនេះបក់ចូលប្រទេសវៀតណាម និងរំកិលកាន់តែជិតដល់ប្រទេសថៃ។ ក្រសួងឧតុនិយមប្រកាសកាលពីម្សិលមិញថាខេត្តបឹងកាន (Bung Kan) និងនគរភ្នំ (Nakhon Phanom) បន្តមានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃចាប់តាំងពីយប់ថ្ងៃចន្ទរហូតមកដល់ពេលនេះមិនទាន់រាំងទៅវិញនៅឡើយទេ។
ក្រសួងដដែលនេះនិយាយរៀបរាប់បន្តទៀតថាអាកាសធាតុអ័ព្ទអួឡូកឡំដោយភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នឹងបន្តកើតមានរហូតទៅទល់នឹងថ្ងៃព្រហស្បតិ៍ ឬយូរជាងនេះផងក៏អាចថាបាន។ មន្ត្រីម្នាក់បម្រើការផ្នែកឧតុនិយមប្រាប់ថាបណ្ដាខេត្តនៅភាគខាងជើង និងភាគឦសានជាប់ព្រំប្រទល់ឡាវនឹងទទួលរងខ្យល់ព្យុះ។ គ្រាន់តែថាខ្យល់ព្យុះវីផារាងបង្អន់ល្បឿនបន្តិច និងមិនបក់ទៅលើប្រទេសថៃដោយផ្ទាល់ទេ។
ក្រសួងព្យាករថាខេត្តបឹងកាន នគរភ្នំ ឆៀងរ៉ាយ ផាយ៉ាវ និងណាននឹងមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកនៅលើផ្ទៃសមុទ្រមានរលកធំៗរហូតដល់កម្ពស់៤ម៉ែត្រក៏មាននៅរ៉ាក់ណង និងផាង៉ានតាមមាត់សមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ។ ប្រទេសថៃនៅតែបន្តមានភ្លៀងធ្លាក់ខ្លាំងដដែលនៅពេលខ្យល់ព្យុះវីផារំកិលខ្លួនកាន់តែពេញទំហឹងចូលប្រទេសវៀតណាមភាគខាងជើង និងបង្ហួសដំណើរទៅសមុទ្រចិនខាងត្បូង។
ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នឹងបោកបក់ទៅលើទីក្រុងបាងកកប្រហែល៧០%។ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយបានចេញសេចក្ដីប្រកាសឱ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់នៅក្នុងខេត្តចំនួនប្រាំគឺឆៀងរ៉ាយ, ឆៀងម៉ៃ, ផាយ៉ាវ, ប្រែ និងណាន រួមទាំងខេត្តចំនួនបីទៀតនៅភាគឦសានគឺណងខៃ, បឹងកាន និងនគរភ្នំ។ ពួកគេត្រូវបន្តប្រុងប្រយ័ត្នយ៉ាងហោចណាស់ត្រឹមថ្ងៃពុធ។ ខាងលើនេះជាការដកស្រង់ប្រភពពីសារព័ត៌មានបាងកកប៉ុស្តិ៍៕
ចែករំលែកព័តមាននេះ