រាជធានីភ្នំពេញ៖ ជំងឺមិនឆ្លង ពិសេស ជំងឺលើសឈាម ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា ព្រោះវាបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើននាក់រៀងរាល់ឆ្នាំ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានព្រមានអំពីអត្រាស្លាប់ដោយជំងឺទាំងនេះ ហើយជំរុញអោយ ប្រជាជនគ្រប់រូបត្រូវតែផ្តោតសំខាន់ទៅលើការពង្រឹងការពារសុខភាពផ្ទាល់ខ្លួន ខណ:ដែលក្រសួងនឹងជំរុញប្រសិទ្ធភាពសេវាសុខភាពនិងការអប់រំដល់ប្រជាជន។
នេះបើយោងតាមមន្ត្រីសុខាភិបាលមួយរូបប្រាប់កោះសន្តិភាព នៅថ្ងៃទី២៣ ខែ កក្កដា នេះដោយយោងងលើរបាយការណ៍របស់ក្រសួងសុខាភិបាល។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ការស្លាប់របស់ប្រជាជនកម្ពុជាចំនួន ៦៤% មកពីជំងឺមិនឆ្លង។ ក្នុងចំណោមនោះ ជំងឺបេះដូង និង ដាច់សរសៃឈាមខួរក្បាល មានអត្រាស្លាប់ខ្ពស់ក្នុងចំនួនប្រមាណ ២៤%។
ចំណែកឯកសារបរទេសមួយរបស់ Britanica បានរាយការណ៍ថា ជំងឺបេះដូង បានសម្លាប់មនុស្សជាង ៩ លាននាក់ក្នុងមួយឆ្នាំ ជាឃាតករលេខ១ ក្នុងកម្រិតពិភពលោក ហើយ ជំងឺដាច់សរសៃឈាមខួរក្បាលសម្លាប់មនុស្សពី៦ទៅ៧លាននាក់។
វិធានការណ៍ដែលអាចអនុវត្តបានរួមមាន៖ ការហាត់ប្រាណជាប្រចាំ (៣០នាទី/ថ្ងៃ), ការបរិភោគអាហារចម្រុះ និងកាត់បន្ថយជាតិខ្លាញ់, ចៀសវាងបារម្ភនិងស្ត្រេសខ្លាំង, ការធ្វើតេស្តសុខភាពជាប្រចាំ និងការបង្កើនការយល់ដឹងសាធារណៈ។
ការបង្កើនការយល់ដឹង និងសកម្មភាពចូលរួមរបស់ប្រជាជន គឺជាគន្លងសំខាន់ដើម្បីទប់ស្កាត់ជំងឺដ៏គ្រោះថ្នាក់ទាំងនេះ។ ប្រសិនបើគ្រប់ភាគីរួមចំណែកយ៉ាងសកម្ម កម្ពុជាអាចក្លាយជាប្រទេសមានសុខភាពល្អហើយ ប្រជាជនកាន់តែមានផលិតភាពការងារខ្ពស់។
ចែករំលែកព័តមាននេះ