ខេត្តកំពត ៖ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត និងជាប្រធានលេខាធិការដ្ឋាននៃគណ:
កម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះថា ខេត្តកំពតបានទទួលរងឥទ្ធិពលនៃខ្យល់កន្ត្រាក់ក្នុងស្រុក ក្រុងចំនួន៦ បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជិត៦០ខ្នង និងសាលារៀន១ខ្នង ។

លោកបានបន្តថា នៅក្នុងស្រុកក្រុងចំនួន៦ ដែលរងការខូចខាតដោយគ្រោះធម្មជាតិខាងលើ រួមមាន ស្រុកបន្ទាយមាស ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ក្រុងបូកគោ និងក្រុងកំពតបង្កឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៥៨ខ្នង សាលារៀន១ខ្នង។

ក្នុងនោះ ស្រុកបន្ទាយមាសខូចខាតផ្ទះប្រជាពលរដ្ឋ៩ខ្នង សាលារៀន១ខ្នង, ស្រុកឈូកខូចខាតផ្ទះប្រជាពលរដ្ឋ២ខ្នង ស្រុកទឹកឈូខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង, ក្រុងបូកគោ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង, ស្រុកដងទង់ខូចខាតផ្ទះ១ខ្នង។

ដោយឡែក គិតត្រឹមល្ងាចថ្ងៃដដែលនេះ ក្រុងកំពតបានរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែរ ក្រុមការងារមិនទាន់ស្រង់ទិន្នន័យបានអស់នៅឡើយ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ខ្យល់កន្ត្រាក់មិនបានធ្វើឲ្យពលរដ្ឋ ភ្ញៀវទេសចរ ឬសត្វចិញ្ចឹមរងរបួសទេ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស ត្រូវចេះស្វែងរកកន្លែងជ្រកដែលមានសុវត្ថិភាព និងហាមចតរថយន្តជ្រកក្រោមដើមឈើធំៗ ៕



ចែករំលែកព័តមាននេះ