ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ក្លាយជា​ក្រុម​ដំបូង​គេ​បង្អស់​ឈ្នះ​ជើងឯក Club World Cup បន្ទាប់​ពី​ក្រុម​ឈ្នះ​មុន​ៗ​ត្រូវ​បាន​ដក​ឈ្មោះ

3 ម៉ោង មុន

ស្វី​ស ៖ FIFA បាន​សម្រេច​ដក​ឈ្មោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA Club World Cup កាលពីមុន​ៗ​ទាំងអស់ ដោយ​សហព័ន្ធ​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ…

ស្វី​ស ៖ FIFA បាន​សម្រេច​ដក​ឈ្មោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA Club World Cup កាលពីមុន​ៗ​ទាំងអស់ ដោយ​សហព័ន្ធ​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ បាន​ប្រកាស​ថា ក្រុម​តោ​ខៀវ Chelsea គឺជា​ក្រុម​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ឈ្នះ​ជើងឯក​ពានរង្វាន់​ក្លិប​លំដាប់​ពិភពលោក​មួយ​នេះ ផ្អែក​លើ​ការ​កែប្រែ​រូបមន្ត​ប្រកួត​ថ្មី​នៅ​ឆ្នាំ​២០២៥ ដោយ​បង្កើន​ក្រុម​ចូលរួម​ដល់ ៣២ ។

ពានរង្វាន់ FIFA Club World Cup ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០០ ដោយ​ធ្វើការ​ប្រកួត​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ប៉ុន្មាន​ឆ្នាំ មុន​ពេល​ចាប់ផ្តើម​ឡើង​វិញ​នៅ​ឆ្នាំ​២០០៥ ដោយ​មាន​៦​ក្រុម​ចូលរួម ហើយ​បង្កើន​ដល់​៧​ក្រុម​ចាប់តាំងពី​ឆ្នាំ​២០០៧ (​លើកលែងតែ​ឆ្នាំ​២០២០ មាន​តែ​៦​ក្រុម​)​។ លុះ​ឆ្នាំ​២០២៤ ពុំ​មានការ​ប្រកួត​ឡើយ តែ​ជំនួស​មក​នូវ​ការ​ប្រកួត​ពានរង្វាន់ FIFA Intercontinental Cup​។

ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​២០២៥ ការ​ប្រកួត​ក៏​ធ្វើ​ឡើង​វិញ ដោយ​សហរដ្ឋអាមេរិក​ជា​ម្ចាស់ផ្ទះ ហើយ​ក៏​ជា​ការ​ប្រកួត​ដំបូង​បង្អស់​ដែល FIFA បាន​កែប្រែ​រូបមន្ត​ប្រកួត​ដោយ​បង្កើន​សមាសភាព​ក្រុម​ចូលរួម​រហូត​ដល់ ៣២​ក្រុម ហើយនឹង​ត្រូវ​ប្រកួត​រៀង​រាល់​៤​ឆ្នាំ​ម្តង​ជំនួស​វិញ​។ FIFA បាន​ចំណាយ​ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​ប្រកួត​នោះ ហើយ​បាន​អះអាង​ទៀត​ថា ពួក​គេ​រក​ប្រាក់​បាន​ដល់​៤​ពាន់​លាន​ដុល្លារ នៅ​ពេល​ដែល​ការ​ប្រកួត​ឆ្នាំ​នេះ​បាន​បញ្ចប់ ដោយ​ក្រុម​តោ​ខៀវ Cheslea ជា​ម្ចាស់​ជើងឯក បន្ទាប់​ពី​បំបាក់​ក្រុម​សេដ្ឋី​បារាំង PSG លទ្ធផល ៣​ទល់​នឹង​០ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា កន្លង​ទៅ​។

យ៉ាងណាមិញ សេចក្តី​ប្រកាស​មួយ​ពី FIFA កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ បាន​បញ្ជាក់​ថា រាល់​ការ​ប្រកួត FIFA Club World Cup ពី​មុន​ៗ នឹង​ត្រូវ​បាន​កំណត់​ថា​ជា​ការ​ប្រកួត​ពានរង្វាន់ Intercontinental Cup ដូច្នេះ​មាន​ន័យ​ថា ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពី​មុន​ទាំងអស់ លែង​មានឈ្មោះ​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA Club World Cup ទៀត​ហើយ ប៉ុន្តែ​ពួក​គេ​ជា​ក្រុម​ឈ្នះ​ពានរង្វាន់ FIFA Intercontinental Cup ជំនួស​វិញ លើកលែងតែ Chelsea ដែល​ត្រូវ​បាន​កំណត់​ជា​ក្រុម​ឈ្នះ​ជើងឯក FIFA Club World Cup ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ តាម​រយៈ​ការ​អនុវត្ត​រូបមន្ត​ប្រកួត​ថ្មី​របស់ FIFA ចាប់ពី​ឆ្នាំ​២០២៥​តទៅ​។

គួរ​បញ្ជាក់​ជូន​ថា ចាប់ពី​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០០ ពានរង្វាន់ FIFA Club World Cup មាន​ម្ចាស់​ជើងឯក​ចំនួន ១២ ក្រុម ដោយ​រួម​មាន Real Madrid ឈ្នះ​៥​ដង Barcelona ៣​ដង Corinthians, Bayern Munich និង Chelsea ២​ដង ខណៈ​ដែល Liverpool, São Paulo, Internacional, AC Milan, Manchester United, Inter Milan និង Manchester City ឈ្នះ​១​ដង​ដូច​គ្នា​៕ ដកស្រង់ ៖ Tribuna និង​SPORTbible

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ