ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ងវីផា បោកបក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ និង​ដើមឈើ​នៅ​ខេត្ត​ព្រះ​សីហ​នុ

28 វិនាទី មុន

​ខេត្ត​ព្រះ​សីហ​នុ ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​វីផា(Wipha) បាន​បោកបក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន និង​ដើមឈើ​មួយ​ចំនួន​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា…

​ខេត្ត​ព្រះ​សីហ​នុ ៖ ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​វីផា(Wipha) បាន​បោកបក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន និង​ដើមឈើ​មួយ​ចំនួន​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជើងគោ ចំនួន​១១​ខ្នង​ផ្ទះ រង​ការ​ខូចខាត​របើក​ស័ង្កសី និង​មាន​ខ្លះ​បាក់​រលំ​ខូចខាត​ដោយសារ​ឥទ្ធិពល​ព្យុះ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ ។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥​នេះ ដោយសារ​ឥទ្ធិពល​ចំហាយ​ព្យុះ​វីផា បោកបក់​មក​ខ្លាំង​មួយ​ប្រាវ បាន​ធ្វើ​ឲ្យ​ដើមឈើ​តាម​ផ្លូវជាតិ​លេខ​៤ បាន​ដួល​រលំ​ចំនួន​២​កន្លែង នៅ​ម្តុំ​ស្ពាន​ព្រៃ​នប់ ក្នុង​ឃុំ​/​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដើមឈើ​មួយ​ដើម​បាន​ដួល​រលំ​កាត់​ទទឹង​មក​លើ​ផ្លូវជាតិ​។ ហើយ​មួយ​ករណី​ទៀត នៅ​ផ្លូវជាតិ​លេខ​៤​ដែរ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៣-១៨៤ ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ដើមឈើ​មួយ​ដើម​បាន​ដួល​រលំ​លើ​តូប​លក់​កាហ្វេ​ជាប់​ចិញ្ចើម​ផ្លូវជាតិ បណ្តាល​ឲ្យ​ខូចខាត​របស់របរ​ក្នុង​តូប​មួយ​ចំនួន តែ​មិន​មាន​មនុស្ស​រង​គ្រោះ​នោះ​ទេ ដោយសារ​ម្ចាស់​អ្នកលក់​បាន​ចេញពី​តូប​ទៅ​ក្នុងផ្ទះ​ខាងក្រោយ​តូប​កាហ្វេ​នោះ ។

នៅ​ក្នុង​ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ តាម​សេចក្តីរាយការណ៍​បឋម ក៏​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១២ គ្រួសារ​ផង​ដែរ ដែល​បាន​រង​គ្រោះ​ប៉ើង​ដំបូល​ស័ង្កសី ដែល​បង្ក​ឡើង​ដោយ​ចំហាយ​ខ្យល់​ជុះ​ពី​ផ្សារ​នេះ​ផង​ដែរ ។

​សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ម្សិលមិញ ក៏​មាន​ដើមឈើ​១​ដើម បាន​ដួល​រលំ​កាត់​ទទឹង​មក​លើ​ផ្លូវជាតិ​លេខ​៤​ដែរ នៅ​គីឡូម៉ែត្រ​១៨២-១៨៣ ស្ថិត​ក្នុងភូមិ​/​ឃុំ​សំរុង ស្រប​ពេល ដែល​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់ខ្លាំង។ យ៉ាងណា មិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ឡើយ ហើយ​ភ្លាម​ៗ សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​បាន​កាត់​ប្រមូល​ចេញ​ភ្លាម​ៗ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​។​

បើ​តាម​ការ​ព្យាករណ៍​ធាតុអាកាស​ពី​ក្រសួង​ជំនាញ​ថា ព្យុះ​វីផានេះ​​ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៥ ។ ក្នុង​នោះ​អាជ្ញាធរ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ