ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​កើនឡើង ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ

5 ម៉ោង មុន

បរទេស ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​កើនឡើង ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​។…

បរទេស ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តម្លៃ​មាស​បាន​កើនឡើង ស្រប​ពេល​ដែល​តម្លៃ​ប្រេង​ឆៅ​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​។

តម្លៃ​មាស​បាន​កើនឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ចំ​ពេល​ប្រាក់​ដុល្លារ​បាន​ធ្លាក់​ចុះ ខណៈ​ដែល​បណ្តា​វិនិយោគិន​បាន​បន្ត​តាមដាន​ការ​អភិវឌ្ឍន៍​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក រួម​ទាំង​កិច្ចប្រជុំ​គោលនយោបាយ​ធនាគារកណ្តាល​អា​មេ​រិ​ក​ដែល​បាន​គ្រោងទុក​សម្រាប់​ស​ប្តា​ហ៍​ក្រោយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ០,៦% នៅ​ក្នុង​តម្លៃ ៣ ៣៦៨​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើនឹង ៤ ០៥៧​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១:៤០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​មាស​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ០,៥% នៅ​ក្នុង​តម្លៃ ៣ ៣៧៦​ដុល្លារ​ក្នុង​១​អោន ឬ ៤ ០៦៧​ដុល្លារ​ក្នុង​១​តម្លឹង​។

លោក Tim Waterer ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​ពាណិជ្ជកម្ម​ក្រុមហ៊ុន KCM បាន​ថ្លែង​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ចាប់ផ្តើម​ធ្លាក់​ចុះ​នៅ​ស​ប្តា​ហ៍​នេះ ជំរុញ​ឱ្យ​តម្លៃ​មាស​កើនឡើង ជាមួយនឹង​កាលបរិច្ឆេទ​កំណត់​ពន្ធគយ​របស់​សហរដ្ឋអាមេរិក ដែល​កាន់តែ​ខិត​ជិត​ដល់​ថ្ងៃ​ផុតកំណត់​នៃ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ ដ្បិត​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ណាមួយ​លេចឡើង ដូច្នេះ​មាស​ទំនងជា​ចាប់ផ្តើម​បង្កើន​តម្លៃ​របស់​ខ្លួន​ឆ្ពោះទៅ​រក​កម្រិត ៣ ៤០០​ដុល្លារ​ក្នុង​១​អោន (៤ ០៩៦​ក្នុង​១​តម្លឹង​) ហើយ​ប្រហែល​អាច​ជា​កើន​លើស​ពី​នេះ​ទៅ​ទៀត​»​។

ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ០,១% ធៀប​នឹង​រូបិយប័ណ្ណ​ជា​គូប្រជែង​របស់​ខ្លួន ដោយ​ធ្វើ​ឱ្យ​មាស​មាន​តម្លៃ​ថោក​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេង​ទៀត​។ វិនិយោគិន​កំពុង​សម្លឹង​មើល​ការ​វិវឌ្ឍន៍​នៃ​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​មុន​ថ្ងៃ​ផុតកំណត់​ថ្ងៃ​ទី​១ ខែសីហា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Howard Lutnick នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​។

កិច្ចប្រជុំ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ធនាគារកណ្តាល​អ៊ឺ​រ៉ុ​ប​ត្រូវ​បាន​រំពឹង​ថា​នឹង​រក្សា​អត្រា​ការ​ប្រាក់​ថេរ​នៅ​កម្រិត ២,០% បន្ទាប់​ពី​ការ​កាត់​បន្ថយ​ជា​ច្រើន​លើក​។ កាលពី​ស​ប្តា​ហ៍​មុន លោក Christopher Waller ទេសាភិបាល​ធនាគារកណ្តាល​សហព័ន្ធ​បាន​លើក​ឡើង​ថា លោក​នៅ​តែ​ជឿជាក់​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​គួរតែ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ឯ​កិច្ចប្រជុំ​គោលនយោបាយ​របស់​ខ្លួន នៅ​ស​ប្តា​ហ៍​ក្រោយ​។

ក្រឡេក​ទៅ​តម្លៃ​ប្រេង​ឆៅ​ឯណោះ​វិញ បើ​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​ថា​មានការ​ប្រែប្រួល​តិចតួច​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ខណៈ​ដែល​ពាណិជ្ជករ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​ថ្មី​របស់​អឺរ៉ុប​លើ​ការ​ផ្គត់ផ្គង់​ប្រេង​របស់​រុ​ស្ស៊ី ដោយ​ពួក​គេ​ក៏​ព្រួយបារម្ភ​អំពី​ពន្ធគយ​ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការ​ប្រេងឥន្ធនៈ​ធ្លាក់​ចុះ ស្រប​ពេល​ដែល​បណ្តា​អ្នក​ផលិត​នៅ​មជ្ឈិមបូព៌ា​កំពុង​បង្កើន​ផលិតកម្ម​របស់​ខ្លួន​។

តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ប្រេង​ស្តង់ដារ​អន្តរជាតិ​បាន​កើនឡើង​៦​សេន នៅ​ក្នុង​តម្លៃ ៦៩,៣៤​ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) បន្ទាប់​ពី​ធ្លាក់​ចុះ ០,៣៥% កាលពី​ថ្ងៃ​សុក្រ​។ ចំណែក​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate (WTI) មាន​តម្លៃ ៦៧,៥១​ដុល្លារ​ក្នុង​១​បារ៉ែល ពោល​កើនឡើង ១៧​សេន បន្ទាប់​ពី​ការ​ធ្លាក់​ចុះ ០.៣០%​។

សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​លើក​ទី​១៨ ប្រឆាំង​នឹង​ប្រទេស​រុ​ស្ស៊ី​ជុំវិញ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បាន​កំណត់​គោលដៅ​ផង​ដែរ​ទៅ​លើ​ក្រុមហ៊ុន Nayara Energy របស់​ឥណ្ឌា ដែល​ជា​អ្នក​នាំ​ចេញ​ផលិតផល​ប្រេង​ចម្រាញ់​ពី​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​។ ទណ្ឌកម្ម​របស់ EU បាន​អនុវត្ត​តាម​ការ​គំរាមកំហែង​របស់​លោក ត្រាំ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​បណ្តា​អ្នកទិញ​ការ​នាំ​ចេញ​ប្រេង​រុ​ស្ស៊ី លុះត្រាតែ​រុ​ស្ស៊ី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​រយៈពេល​៥០​ថ្ងៃ​។

អ្នកវិភាគ​ពី​សាជីវកម្ម​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ ING Group របស់​ប្រទេស​ហូ​ឡង់​បាន​មើលឃើញ​ថា ទីផ្សារ​ប្រេង​ទំនង​មិន​រង​ឥទ្ធិពល​ដោយ​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​ទាំងនេះ​ទេ ទោះជា​យ៉ាងណា​ក៏​ដោយ ផ្នែក​នៃ​កញ្ចប់​ទណ្ឌកម្ម​ទំនងជា​មាន​ឥទ្ធិពល​លើ​ទីផ្សារ​ធំ​បំផុត​គឺ EU បាន​ដាក់​បម្រាម​នាំ​ចូល​ផលិតផល​ប្រេង​ចម្រាញ់​ដែល​កែ​ច្នៃ​ពី​ប្រេង​ឆៅ​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ទី​បី​។ ប៉ុន្តែ​ច្បាស់​ណាស់ វា​នឹង​ពិបាក​ក្នុង​ការ​ត្រួតពិនិត្យ​ការ​បញ្ចូល​ប្រេង​ឆៅ​ទៅ​ក្នុង​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ប្រទេស​ទាំងនោះ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​របស់​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា បាន​ថ្លែង​ថា ប្រទេស​អ៊ី​រ៉​ង់ ដែល​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​សំខាន់​មួយ ហើយ​ដែល​កំពុង​រង​ទណ្ឌកម្ម​នោះ នឹង​ត្រូវ​រៀបចំ​កិច្ចចរចា​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ជាមួយ​ចក្រភព​អង់គ្លេស បារាំង និង​អា​ល្លឺ​ម៉​ង់ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា នោះ​បន្ទាប់​ពី​មានការ​ព្រមាន​ដោយ​ប្រទេស​អឺរ៉ុប​ទាំង​បី​ថា ការ​បរាជ័យ​ក្នុង​ការ​បន្ត​ការ​ចរចា​នឹង​នាំ​ឱ្យ​ទណ្ឌកម្ម​អន្តរជាតិ​ត្រូវ​បាន​ដាក់​ឡើង​វិញ​លើ​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ