មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាល្ងាចថ្ងៃទី២០ ខែកក្កថានេះថា គ្រោះថ្នាក់លាក់មុខ ដែលបង្កពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ«សេ» ។
មន្ទីរពេទ្យកាល់ម៉ែត បានបន្តថា ជំងឺរលាកថ្លើមដោយមេរោគប្រភេទសេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិតផងដែរ ។

រោគសញ្ញាដែលកើតអាចមាននៅលើអ្នកជម្ងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតា គ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន)។
នៅខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន ដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកម្លាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ, មានការហើមជើងជាដើម…។
គួរកត់សម្គាល់ផងដែរថា ជាង៨០% នៃអ្នកជំងឺរលាកថ្លើម គឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាមដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន ។
ការចម្លងរបស់មេរោគថ្លើមប្រភេទសេ នេះគឺវាអាចឆ្លងបានតាមរយៈ ការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេ.ទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។
ចំពោះវិធានការក្នុងការបង្ការជំងឺនេះ គឺជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេ.ទដោយប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា ។
គួរសម្គាល់ផងដែរថា យើងមិនមានវ៉ាក់ស៊ាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ ។
ការពិនិត្យសុខភាព និងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញ (ថ្លើមមិនទាន់ក្រិន ឬមិនមានដុំមហារីក) របស់ជម្ងឺរលាកថ្លើមប្រភេទសេ នេះ គឺអាចអនុញ្ញតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…) ៕
ចែករំលែកព័តមាននេះ