ខេត្តកំពង់ស្ពឺ ៖ សង្ស័យឥទ្ធិពលនៃគ្រឿងញៀ.នធ្វើទុក្ខ កូនប្រុសបានយកភ្លើងដុតផ្ទះឪពុកម្តាយ បណ្តាលឱ្យឆេះអស់គ្មានសល់ ខណៈដែលកំពុងដេកលង់លក់ ហើយកូនប្រុសត្រឡប់មកពីដើរលេងវិញក៏ដុតតែម្តង តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ក្រោយកើតហេតុកូនប្រុសគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើដែលកូនប្រុសចិត្តធំ ដុតផ្ទះឪពុកម្តាយឆេះខានរស់នៅ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទង បាននិយាយឱ្យដដងថា កូនប្រុសចិត្តធំហ៊ានដុតផ្ទះឪពុកម្តាយត្រូវបានភ្លើងឆេះអស់នេះ មានទំហំ៨ម៉ែត្រ គុណ និង៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ក្បឿង ជាកម្មសិទ្ធរបស់ឈ្មោះ ធូ សុខឃឿន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រីឯកូនប្រុសចិត្តធំ និងដាច់ចិត្តដុតផ្ទះឪពុកម្តាយខ្លួនឯង ហើយរត់គេចខ្លួនបាត់នោះ មានឈ្មោះ ឈូក សុខឃី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយឪពុកម្តាយក្នុងភូមិ ឃុំខាងលើ ។
នគរបាលស្រុកសំរោងទង បានបន្តថា ផ្ទះដែលឆេះទាំងស្រុងមិនទាន់ដឹងពីទំហំនៃការខូចខាត់អស់ប៉ុន្មាននៅឡើយទេ គឺរងការខូចខាតទាំងស្រុង មានសម្ភារៈ ថ្នាំពេទ្យ និងគ្រឿងកំប៉ុង១០កេស , លុយ១លានរៀល , ស្រូវ ២០០គីឡូ , អង្ក១០០គីឡូ , សម្ភារប្រើប្រាស់មួយចំនួន ។

នគរបាលបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះខាងលើនេះ បើតាមចម្លើយរបស់ម្ចាស់ផ្ទះឈ្មោះ ធូ សុខឃឿន បានប្រាប់ថា កូនបង្កើតឈ្មោះ ឈូក សុខឃី ជាអ្នកដុតផ្ទះគាត់តែម្តង ហើយរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុរួច ។

នគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា នៅក្នុងកិច្ចប្រតិបត្តិការណ៍អន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង (រថយន្តស្រុកសំរោងទង ១គ្រឿង និងរថយន្តក្រុងច្បារមន ១គ្រឿង កម្លាំង១១នាក់ ប្រើប្រាស់ទឹកអស់ ០២រថយន្តផងដែរ។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅក្បែរភូមិកើតហេតុខាងលើថា យុវជនជាកូនដែលដុតផ្ទះម្តាយឪពុកខាងលើនេះ ជាមនុស្សចូលចិត្តដើរលេងច្រើន មានមិត្តភក្តិច្រើន សង្ស័យប្រើប្រាស់គ្រឿងញៀ.នទៀតផងទើបដាច់ចិត្តដុតផ្ទះឪពុកម្តាយខ្លួនឯងបែបនេះនោះ៕

ចែករំលែកព័តមាននេះ