ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានបញ្ចប់ការជួសជុលកំពែងថ្មបាយក្រៀមនៅជ្រុងខាងលិចផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ដែលមានប្រវែងសរុប ២៧ ម៉ែត្រ បន្ទាប់ពីការងារបានចាប់ផ្តើមពីខែកុម្ភៈរហូតដល់ដើមខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋាន ជួសជុលប្រាសាទ បានប្រាប់ថា ការជួសជុលកំពែងទី៣នេះត្រូវបានធ្វើឡើងពីរចំណុច ដោយចំណុចទី១មានប្រវែង ១០ ម៉ែត្រ និងចំណុចទី២ ប្រវែង ១៧ ម៉ែត្រ។ ការខូចខាតនេះបណ្តាលមកពីអាយុកាលវត្ថុ ការខ្វះការថែទាំយូរអង្វែង និងការដុះដាំរុក្ខជាតិដែលធ្វើឱ្យកំពែងរលំ និងខូចខាត។
ក្រោយពីការជួសជុល កំពែងទាំងពីរបានក្លាយជា ស្ថាបត្យកម្មរឹងមាំ មានសុវត្ថិភាព និងសោភណភាព បង្កើនទេសភាពទាក់ទាញ និងតម្លៃវប្បធម៌របស់ប្រាសាទតាព្រហ្ម។
សូមបញ្ជាក់ជូនថា គម្រោងនេះគឺជាការសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ដែលមានគោលបំណងថែរក្សា និងអភិរក្សមរតកវប្បធម៌បុរាណដ៏មានតម្លៃរបស់ជាតិ៕
ចែករំលែកព័តមាននេះ