ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល និង​ជំរុញ​ការ​ចិញ្ចឹម​ត្រី ដើម្បី​កូនចៅ​ជំនាន់​ក្រោយ

1 នាទី មុន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ទិវា​មច្ឆា​ជាតិ ១​កក្កដា ឆ្នាំ​២០២៥​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​ចូលរួម​អបអរសាទរ ក្នុង​ទិវា​មច្ឆា​ជាតិ ១​កក្កដា ឆ្នាំ​២០២៥​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដោយ​បាន​ព្រ​លែង​កូន​ត្រី​ចម្រុះ និង​មេ​ពូជ​ត្រី​ចំនួន​ជាង ២០,០០០​ក្បាល នៅ​ចំណុច​សំណង់​បង្ហៀរទឹក​ថ្នល់​បទ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​សិស្សានុសិស្ស ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

នៅ​ចំពោះ​មុខ​អង្គពិធី លោក​ជំទាវ បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព នៃ​កំណើន​តម្រូវការ​ស្បៀងអាហារ ដោយ​រត់​តាម​កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន នា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អ​ទិ​ភាព​ដ៏​ចម្បង​បំផុត ក្នុង​នោះ​អនុ​វិស័យ​ជលផល​នៅ​តែ​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​រក្សា​និរន្តរភាព នៃ​កំណើនសេដ្ឋកិច្ច​ធានា​សមធម៌ ធានា​សុវត្ថិភាព​សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ហើយ​ក៏​ជា​បណ្តាញ​មួយ​នៃ​សុវត្ថិភាព​សង្គម ដោយសារ​ត្រី និង​វា​រី​ជាតិ​ផ្សេង​ៗ ទៀត នៅ​តែ​ជា​អាហារ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ប្រជាជន​ខ្មែរ បន្ទាប់​ពី​ស្រូវ​-​អង្ករ និង​ដំណាំ​ផ្សេង​ៗ​ទៀត ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​គាំទ្រ​សកម្មភាព​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​និង​កំពុង​អនុវត្ត ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​បំផុសស្មារតី​ឱ្យ​ចូលរួម​តាម​រយៈ​ទិវា​មច្ឆជាតិ ១​កក្កដា ជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​ផ្តល់​អនុសាសន៍​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​តែ​បង្កើន​កិច្ចសហការ យកចិត្តទុកដាក់ និង​ពង្រឹង​ការ​គ្រប់គ្រង​ការពារ អភិរក្ស​ធនធាន​ជលផល ដើម្បី​ធានា​បាន​និរន្តរភាព​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ទេសចរណ៍ធម្មជាតិ​ផង​ដែរ​។

លោក​ជំទាវ បាន ស្រី​មុំ បាន​ថ្លែង​ពី​ការ​ជំរុញ​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​រៀបចំ​ដាក់​ស្លាក​កន្លែង​អភិរក្ស​ជលផល​ឱ្យ​បាន​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​ធ្វើ​សកម្មភាព​គ្រប់គ្រង​កន្លែង​អភិរក្ស​ជលផល ប្រកបដោយ​សុវត្ថិភាព ជា​ពិសេស​រួម​សហការ​គ្នា​បង្ក្រាប​បទល្មើស​ជលផល និង​ទប់ស្កាត់​រាល់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ធនធានធម្មជាតិ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹម​នឹង​នេះ​ដែរ ត្រូវ​ខិតខំ​បំផុស និង​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​វិនិយោគ​លើ​ការងារ​ចិញ្ចឹម​ត្រី ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ព្រមទាំង​ធ្វើការ​កែ​ច្នៃរ​ផលិតផល​ជលផល​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ថែម​ទៀត​។

លោក​ជំទាវ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​នានា​ត្រូវ​តែ​ចេះ​តែ​ទាំ​សុខភាព​ផ្ទាល់ខ្លួន សុខភាព​កូនចៅ ដោយ​ត្រូវ​ងូតទឹក​សម្អាតខ្លួន​ឱ្យ​បាន​ទៀងទាត់ និង​ត្រូវ​ជៀសវាង​ការ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ ជា​ពិសេស​ត្រូវ​យកចិត្តទុកដាក់​សន្សំ​សំចៃ​ថវិកា និង​ម្ហូបអាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ដោយ​មិន​ត្រូវ​ធ្វេស​ប្រហែល​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆា​ជាតិ ១​កក្កដា ២០២៥​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត និង​ក្រុមការងារ​បាន​ព្រ​លែង​កូន​ត្រី​ពូជ ដូច​ជា​ត្រី​ឆ្ពិន ត្រី​កន្ធរ ត្រី​ក្រាញ់ ត្រី​ផ្ទក់ និង​កូន​ត្រី​ចម្រុះ ប្រមាណ​ជាង ២០,០០០​ក្បាល ចូល​ទៅ​ក្នុង​នៅ​សំណង់​បង្ហៀរទឹក​ថ្នល់​បទ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន កាលពី​ឆ្នាំ​១៩៩៩ និង​ជួសជុល​ឡើង​វិញ​កាលពី​ឆ្នាំ​២០១៣​។

សំណង់​នេះ មាន​បណ្តោយ ៦៣,៥​ម៉ែត្រ ទទឹង​៨​ម៉ែត្រ សាងសង់​ក្នុង​គោលបំណង​ស្ទាក់ និង​បង្វែរ​ទឹក​ពី​ស្ទឹង​ចូល​ប្រឡាយ​មេ ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម ជា​ពិសេស​ដំណាំ​ស្រូវ​។ បច្ចុប្បន្ន​សំណង់​នេះ មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​រដូវវស្សា​ចំនួន ២,៩៥៦​ហិ​កតា រដូវប្រាំង​ចំនួន​៥០០​ហិ​កតា និង​ដំណាំ​រួម​ផ្សំ​ជាង​៣៥០​ហិ​កតា ដែល​មាន​ចំនួន ៤​ភូមិ រួម​មាន ៖ ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ភូមិ​ភ្នំ​ស្ពង់ ភូមិ​ភ្នំ​កុយ​(​សំបូរ​) និង​ភូមិ​កំពង់ចម្លង​ក្រោម ស្ថិត​ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ