ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារ បានចុះពិនិត្យមើលការកែលម្អទីតាំងដីប្រវែងជិត២គីឡូម៉ែត្រ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ត្រៀមស្ថាបនាជាសួន ដែលមានឈ្មោះថា «ប៉ៃលិនមរតកតេជោ» ហើយជាកន្លែង ដែលអំណោយផលប្រកបដោយសោភ័ណភាពស្រស់បំព្រង ងាយស្រួលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកំសាន្តយ៉ាងច្រើនកុះករ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង ។
បើតាមការរៀបរាប់ពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការ កសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធភ្លើងអគ្គិសនី ជាដើម។ ហើយបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាភ្ញីលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ សួនពុះចែកទ្រូងផ្លូវ ដាំផ្កាចម្រុះពណ៌ ឱ្យបានកាន់តែល្អឡើងៗ ដើម្បីឆ្លើយតបទៅនឹងតំរូវការរស់នៅរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៏ដូចជាបន្ថែមនូវពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើងថែមទៀត ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ៖ ការស្ថាបនាសួនច្បារនៅអមសងខាងដងស្ទឹងប៉ៃលិន ហើយដាក់ឈ្មោះសួន «ប៉ៃលិនមរតកតេជោ» គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងនូវការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃនិងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ ដែលលោកបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុផ្សះផ្សានិងនាំមកនូវសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រពិត សម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ប្រវត្តិសាស្ត្រ របស់ខេត្តប៉ៃលិន ដែលជាចំណុចឈ្នួនផ្ទុះសន្តិភាព និងសមត្ថភាព ចំណេះដឹងពិតប្រាកដ នៃមគ្គុទេសន៍អ្នកដឹកនាំកម្ពុជា ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែរួមគ្នា ជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូនដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីសន្លាងនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។
លោកជំទាវអភិបាលខេត្តបានបញ្ជាក់ផងដែរថា៖ សួន «ប៉ៃលិនមរតកតេជោ» ដែលគ្រោងស្ថាបនានាពេលខាងមុខនេះ គឺមានប្រវែង១៨០០ម៉ែត្រ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន ចាប់ពីចំនុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ឆ្ពោះទៅទិសខាងលិច រហូតមកដល់ស្ពានអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៕







ចែករំលែកព័តមាននេះ