ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងដប់នាក់ទៀតពីតំបន់ហ្កាហ្សា។ នេះបើតាមការបញ្ជាក់របស់លោកត្រាំនៅក្នុងឱកាសដែលលោកចូលរួមពិធីលៀងសាយភោជន៍ពេលក្បាលព្រលប់ជាមួយក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋ។ ដំណឹងនេះកើតឡើងចំពេលលោកត្រាំបន្តជំរុញឱ្យភាគីទាំង២ទទួលយកបទឈប់បាញ់៦០ថ្ងៃ។
លោកថ្លែងថាចំណាប់ខ្មាំងភាគច្រើនបានវិលត្រឡប់មកវិញហើយ។ យើងនឹងទទួលបានដប់នាក់បន្ថែមទៀតឆាប់ៗនេះ។ លោកក៏ឆ្លៀតកោតសរសើរលោកស្ទីតវីតខូសដែលជាប្រេសិតពិសេសរបស់លោក និងដែលបានខិតខំខ្នះខ្នែងនៅក្នុងរឿងនេះ។ គេដឹងថានៅក្នុងសំណើនៃបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយលោកត្រាំនោះក៏មានលក្ខខណ្ឌនិយាយពីការដោះលែងចំណាប់ខ្មាំងដប់នាក់ និងការប្រគល់សាកសពចំណាប់ខ្មាំង១៨នាក់។ ជាថ្នូរត្រឡប់មកវិញ អ៊ីស្រាអែលយល់ព្រមដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនមួយចំនួន។
កាលពីព្រឹកថ្ងៃសុក្រ គេហទំព័រអាក់សឺស (Axios) ផ្សាយថានាយកស៊ើបការណ៍សម្ងាត់ម៉ូសាត (Mossad) របស់អ៊ីស្រាអែលបានធ្វើដំណើរទៅវ៉ាស៊ីនតោននៅសប្ដាហ៍នេះសង្ឃឹមថាអាមេរិកគាំទ្រផែនការរបស់អ៊ីស្រាអែលដែលស្នើសុំឱ្យប្រទេសនានាទូទាំងពិភពលោកទទួលយកជនជាតិប៉ាឡេស្ទីនរាប់សែននាក់ទៅរស់នៅជាលក្ខណៈចែករំលែកគ្នាម្នាក់បន្តិចៗ។
នាយកភ្នាក់ងារសម្ងាត់ម៉ូសាត លោកដេវីត បានៀ (David Barnea) ប្រាប់លោកវីតខូសថាអ៊ីស្រាអែលកំពុងពិគ្រោះគ្នាថាដឹកពួកប៉ាឡេស្ទីនទៅនៅអេត្យូពី, ឥណ្ឌូណេស៊ី និងលីប៊ី។ លោកត្រាំតែងតែនិយាយដោយមោទកភាពថាអ៊ីស្រាអែល និងហាម៉ាស់នឹងសម្រេចបានបទឈប់បាញ់ឆាប់ៗនេះ។ លោកធ្លាប់បង្ហោះសារនៅលើបណ្ដាញសង្គមថាអ៊ីស្រាអែលឯកភាពទៅលើលក្ខខណ្ឌសំខាន់ៗរួចហើយ។ ខាងលើនេះជាការដកស្រង់ប្រភពពីសារព័ត៌មានដឹ ហ្កាឌាន (The Guardian) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ