ខេត្តកណ្តាល ៖ ផ្ទះចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់គ្មានសល់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

បើយោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ មាញ អឿ ភេទប្រុស អាយុ៥៥ឆ្នាំ ជាកសិករ ស្នាក់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានអោយដឹងថា នៅពេលកើតហេតុ រូបគាត់បានចាក់ធុងបាសដើម្បីស្តាប់ចម្រៀង រួចក៏បានដើរមកសម្រាកលើអង្រឹងលង់លក់នៅមុខផ្ទះ។
ខណៈនោះ គាត់ក៏បានឮសំឡេងផ្ទុះចំនួន០១ដង ភ្លាមៗគាត់បានរត់ស្ទុះងើប ស្រាប់តែឃើញ មានផ្សែងហុយខ្មៅខ្មួលខ្មាញ់ លាយឡំ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុបាត់ទៅ ហើយ ។ ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ពន្លត់ភ្លើង ដែរតែទប់ទល់មិនបានទើប ប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំឱ្យមានការឆេះរាលដាលកាន់តែខ្លាំងដល់ផ្ទះដទៃទៀត តែដោយសារស្ថានភាពការឆាបឆេះសន្ធោសន្ធៅខ្លាំងពេកទើបរាលដាលមកដល់ផ្ទះឈ្មោះ មុត ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ ជារកសិករ ដែលនៅជាប់គ្នាតែម្តង ។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យពន្លត់និងសង្គ្រោះចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ ។
-ម្ចាស់ផ្ទះទី០១ មានឈ្មោះ មាញ អឿ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ប្រភេទសំណង់ផ្ទះទំហំ ០៦ x ០៧ម៉ែត្រ ដំបូលប្រក់គ្បឿន ជញ្ជាំងក្ដា(ឈឺ)តយ៉ាបដែកប្រក់សង្គ័សី ឆេះខូចខាតទាំងស្រុង ។ខូចខាតសម្ភារៈ ៖ អង្កចំនួន០២បេ ,តុឈឺចំនួន០២ ,គ្រែងសម្រានចំនួន០៣ ,ទូរដាក់ខោអាវចំនួន០៣ ,កងអាគុយចំនួន០១ ,ខ្សែកផ្លាកទីនចំនួន០៥ជី ។

-ម្ចាស់ផ្ទះទី០២ មានឈ្មោះ មុត ម៉ៅ ភេទស្រី អាយុ៧០ឆ្នាំ មុខរប រកសិករ មុខរបរ កសិករ ស្នាក់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ប្រភេទសំណង់ផ្ទះទំហំ ០៦ x ០៧ម៉ែត្រ ដំបូលខាងលើប្រក់សង្គ័សី ជញ្ជាំងជំហាងបិតក្ដា(ឈឺ) ខាងក្រោមរាបថ្ម ខាងមុខតយ៉ាបដែកប្រក់សង្គ័សី មានបន្ទប់ដេកចំនួន០២ ឆេះខូចខាតទាំងស្រុង ។ ក្នុងនោះខូចខាតសម្ភារៈ ៖ កំព្យូទ័រចំនួន០១ ធុងបាសចំនួន០១គ្រឿង(ខ្នាតតូច) គ្រឿងអលកា(ផ្លាកទីនចំនួន៩ជី )តុឈឺចំនួន០២ ,ទូរដាក់ខោអាវចំនួន០២ ,គ្រែងដេកចំនួន០៣ ,កៅអីជ័រចំនួន១២ ។
ក្នុងនោះ មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ នឹងរលត់ជាស្ថាពរនៅវេលាម៉ោង០៤ និង ០០នាទីរសៀលថ្ងៃដដែល ។ចំពោះមូលហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ គឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី «ទុស្សេខ្សែភ្លើងចេញពីធុងបាស»ចេញពីផ្ទះទី០១ ឈ្មោះ មាញ អឿ រួចក៏បន្តឆេះ រាលដាលទៅដល់ផ្ទះរងគ្រោះដែលនៅក្បែរនោះតែម្តង ៕

ចែករំលែកព័តមាននេះ