ខេត្តបាត់ដំបង ៖ យុវជនឈាមរាវចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នូវប៉ុន្មានម៉ោងក្រោយពីម្ដាយក្មេងស្រីម្នាក់ ប្ដឹងចោទប្រកាន់ថា បានរួមដៃគ្នាចាប់រំលោភកូនស្រីគាត់ដែលទើបមានអាយុ១៣ឆ្នាំ រហូតបានសម្រេច កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ កក្កដា នៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ក្នុងក្រុងបាត់ដំបង ពេលដែលនាងពឹងពាក់យុវជនទាំង០២នាក់នេះឲ្យជួនទៅរកបងស្រី។
តាមរយៈរបាយការណ៍អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីមាន ឈ្មោះ ផាត ផានិត ប្រុសអាយុ១៦ឆ្នាំ និង ឈ្មោះ រាំង រស្មី ហៅ មី ប្រុសអាយុ១៧ឆ្នាំ ពួកគេរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។ ដោយឡែក ក្មេងស្រីរងគ្រោះ ទើបមានអាយុ១៣ឆ្នាំ ។
លោកអធិការបានបញ្ជាក់ក្នុងរបាយការណ៍ថា ក្រោយប្រព្រឹត្តបទល្មើស យុវជនឈាមរាវទាំង០២នាក់ បានជិះម៉ូតូទៅអង្គុយលេងលើសួនច្បារមាត់ស្ទឹងសង្កែ រហូតដល់ម៉ោងជាង៥ជិតភ្លឺ ថ្ងៃដដែល ទើបត្រូវកម្លាំងជំនាញរបស់លោកតាមចាប់ខ្លួនបាន ក្រោយពីម្ដាយរបស់នាងរងគ្រោះដាក់ពាក្យបណ្ដឹងផង។
បើតាមចម្លើយជនសង្ស័យទាំង០២នាក់ ក៏ដូចការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពួកគេទើបស្គាល់គ្នាថ្មីៗ ពេលដើរលេងនៅសួនច្បារមាត់ស្ទឹងសង្កែ។ នៅយប់កើតហេតុ ពួកគេបានជួបគ្នា ហើយគ្រានោះក្មេងស្រីរងគ្រោះ បានពឹកពាក់ជនអន្ធាល០២នាក់នេះ ឲ្យជូនទៅរកបងស្រីនៅក្នុងបរិវេណព្រលានយន្តហោះ។
ប៉ុន្តែពេលជូនទៅដល់ ស្រាប់តែជនទាំង០២នាក់បានខ្សិបខ្សៀវគ្នា ល្បូងនាងទៅកន្លែងស្ងាត់ក៏រួមដៃគ្នាធ្វើសកម្មភាពចាប់រំលោភនាងតែម្ដង។ ជុំវិញការចោទប្រកាន់ក្នុងករណីចាប់រំលោភបូកលើក្មេងស្រីអាយុ១៣ឆ្នាំខាងលើនេះ ជនសង្ស័យទាំង០២នាក់ ហាក់មិនបានប្រកែកទេ។ ពួកគេបានសារភាពថា ពិតជាបានចាប់រំលោភនាងមែន។
ពួកខ្លួនបានខ្សិបខ្សៀវគ្នាពីគំនិតទុច្ចរិតតាំងពីនៅលើសួន ពេលនាងពឹងឲ្យជូនទៅរកបងស្រី លុះជិះដល់គោលដៅ ពួកខ្លួនក៏ប្រើល្បិចចាប់នាងរំលោភតែម្ដង។ ពាក់ព័ន្ធនឹងសំណុំរឿង«ចាប់ក្មេងស្រីរំលោភបូក»នេះ កាលថ្ងៃទី ១៧ កក្កដា កម្លាំងការិយាល័យជំនាញ នៃស្នងការខេត្ត និង កម្លាំងអធិការស្រុកបាណន់ បានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមក្មេងអន្ធពាលមិនទាន់ជ្រុះពន្លែពីក្បាលមួយក្រុម នៅក្នុងទឹកដីអាណាចក្រ ឃុំស្នឹង ស្រុកបាណន់ ដែលរងការចោទប្រកាន់ពីក្មេងស្រីរងគ្រោះម្នាក់ថា បានរួមដៃគ្នាលូងលោមចាប់រំលោភសេពសន្ថវៈលើរូបនាងជាបន្តបន្ទាប់ អស់រយៈពេល០៣យប់ជាប់ៗគ្នា។
ក្មេងស្រីរងគ្រោះទើបមានអាយុ១៥ឆ្នាំ រីឯក្រុមជនអន្ធពាលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ។ បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានបង្ហើបថា ក្រុមជនអន្ធពាលឈាមរាវ ដែលប្រព្រឹត្តអំពើព្រៃផ្សៃទៅលើក្មេងស្រីរងគ្រោះ មានចំនួន១៩នាក់ តែក្រោយកើតហេតុមួយថ្ងៃ និង ក្រោយពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ច បានធ្វើស្រាវជ្រាវឃាត់ខ្លួនក្រុមជនពាលនេះបានចំនួន១២នាក់ហើយ នៅសល់០៧នាក់ទៀត កំពុងរត់ចោលស្រុក ខណៈសមត្ថកិច្ចកំពុងតាមរកនៅឡើយ។
យ៉ាងណាក្ដី ជុំវីញករណីយុវជន០២នាក់ចាប់ក្មេងស្រីអាយុ១៣ឆ្នាំ រំលោភបូកនៅក្រុកបាត់ដំបង ខាងលើនេះ ជនសង្ស័យបានសារភាពទទូលស្កាល់កំហុសរបស់ខ្លួនហើយ។ លោក ពេជ្រ សារ៉េន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញ បាននិងកំពុងសួរនាំជនសង្ស័យទាំង០២នាក់ ដើម្បីចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ