ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ប្តេជ្ញា​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

1 នាទី មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​) បាន​ធ្វើការ​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​) បាន​ធ្វើការ​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ផែនការ​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​អាវុធហត្ថ​ខេត្ត មេបញ្ជាការ​សឹក​រង​ខេត្ត អភិបាលក្រុង​/​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ថា ដោយ​យល់​ឃើញ​ពី​ភាព​ស្មុគស្មាញ និង​ការ​គំរាមកំហែង នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អន​ឡាញ ដែល​តែងតែ​ផ្លាស់​ប្តូរ​ទម្រង់​ថ្មី​ៗ លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​តែ​អនុវត្ត នូវ​ចំណុច​គន្លឹះ​មួយ​ចំនួន រួម​មាន ៖ សមត្ថកិច្ច និង​មន្ត្រី​មូលដ្ឋាន ត្រូវ​តែ​បន្ត​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ដល់​ប្រជាពលរដ្ឋ​អំពី​ទម្រង់​ថ្មី​ៗ នៃ​ការ​ឆបោក ដូច​ជា​ការ​ឆបោក​តាម​រយៈ​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ ការ​វិនិយោគ​ក្លែងក្លាយ ល្បែងស៊ីសង​អន​ឡាញ និង​ការ​បោក​បញ្ឆោត តាម​រយៈ​ការ​បន្លំ​ធ្វើ​ជា​សមត្ថកិច្ច ឬ​ស្ថាប័នរដ្ឋ​ជាដើម ។

លោក​ជំទាវ​អភិបាលខេត្ត ក៏​បាន​ណែនាំ​ឲ្យ​បង្កើន​កិច្ចសហការ​ជិត​ស្និទ្ធ រវាង​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ រដ្ឋបាល​ខេត្ត​-​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ដើម្បី​ចែករំលែក​នូវ ព័ត៌មាន ស៊ើបអង្កេត និង​បង្ក្រាប​បណ្តាញ​ឆបោក ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។
លោក​ជំទាវ​បាន​បញ្ជាក់​ថា រាល់​ករណី​ឆបោក ដែល​រក​ឃើញ ត្រូវ​តែ​ចាត់វិធានការ​ផ្លូវច្បាប់ យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ ដើម្បី​នាំ​ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ និង​ជា​ការ​ព្រមាន​ដល់​អ្នក​ផ្សេង​ទៀត​ផង​ដែរ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ថា ជាមួយ​គ្នា​នេះ ត្រូវ​បង្កើត​យន្តការ​ងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការ​រាយការណ៍​ករណី​សង្ស័យ ឬ​ករណី ដែល​ខ្លួន​បាន​ក្លាយជា​ជន​រង​គ្រោះ នៃ​ការ​ឆបោក​។ នេះ​អាច​រាប់​បញ្ចូល​ទាំង​ខ្សែ​ទូរ​សព្ទ​បន្ទាន់ ប្រព័ន្ធ​រាយការណ៍​អន​ឡាញ ឬ​ការ​ដាក់​ពាក្យបណ្តឹង ដោយ​ផ្ទាល់ នៅ​តាម​ប៉ុស្តិ៍​នគរបាល ឬ​សាលាឃុំ​-​សង្កាត់​ទាំងអស់ ។

លោក​ជំទាវ បាន​បន្ថែម​ទៀត​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ការងារ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ភាព​សុខដុមរមនា របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​ទាំងមូល ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទទួល​បាន​សេចក្តីសុខ​សាន្ត និង​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ