ទីក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុបចាប់ផ្ដើមប្រើធម៌ក្ដៅលើរុស្ស៊ីជាថ្មីម្ដងទៀតហើយ។ លើកនេះអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច, បញ្ចុះតម្លៃប្រេងរុស្ស៊ីឱ្យទាបជាងទីផ្សារអន្តរជាតិ, ហាមឃាត់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយក្រុមហ៊ុនឧស្ម័នរុស្ស៊ីណតស្ទ្រីម (Nord Stream) និងចាត់ការទៅលើនាវាដែលលួចដឹកបណ្ដោះប្រេងឆៅរបស់រុស្ស៊ីដោយដោតទង់ជាតិប្រទេសផ្សេង។ ខាងលើនេះជាការអះអាងរបស់ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas)។
លោកស្រីខាឡាស់ថ្លែងថាសារនយោបាយរបស់យើងទៅកាន់រុស្ស៊ីមានភាពច្បាស់លាស់។ អឺរ៉ុបនឹងបន្តជួយអ៊ុយក្រែនដោយមិនដកថយជាដាច់ខាត។ សហភាពអឺរ៉ុបនឹងបន្តដាក់សម្ពាធរហូតដល់រុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាម។ យោងតាមលោកស្រីខាឡាស់, វិធានការលើកនេះជាទណ្ឌកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបប្រឆាំងនឹងរុស្ស៊ីខណៈដែលសង្គ្រាមអ៊ុយក្រែនចេះតែអូសបន្លាយយូរទៅៗ។ នៅសល់ត្រឹមតែ៤ថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមអ៊ុយក្រែននឹងឈានដល់រយៈពេល៣ឆ្នាំ និង៥ខែល្មម។
គួរកត់សម្គាល់ថាការសម្រេចដាក់ទណ្ឌកម្មនេះកើតឡើងនៅពេលពួកអឺរ៉ុបចាប់ផ្ដើមចំណាយលុយទិញអាវុធពីអាមេរិកច្រើនៗដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន។ លោកហ្សេឡិនស្គីស្វាគមន៍វិធានការដាក់ទណ្ឌកម្ម និងការបញ្ជូនអាវុធ។ លោកចាត់ទុកថានេះជាវិធានការដែលត្រឹមត្រូវតាមកាលៈទេសៈល្អណាស់ស្របពេលដែលរុស្ស៊ីបន្តវាយប្រហារកាន់តែខ្លាំងឡើងៗ។
កាលពីមុននេះ គណៈកម្មការអឺរ៉ុបស្នើបញ្ចុះតម្លៃប្រេងរុស្ស៊ីមកនៅត្រឹម៤៥ដុល្លារក្នុង១បារ៉ែល (ចំណុះ១៥៩លីត្រ) ពោលគឺធូរថ្លៃជាងទីផ្សារអន្តរជាតិ១៥ដុល្លារ (ទីផ្សារអន្តរជាតិ១បារ៉ែលលក់ចេញ៦០ដុល្លារ)។ ធ្វើដូច្នេះដើម្បីកុំឱ្យរុស្ស៊ីមានលុយច្រើនពេកសម្រាប់ធ្វើសង្គ្រាម។ នៅទីបញ្ចប់ អឺរ៉ុបឯកភាពគ្នាកំណត់តម្លៃប្រេងរុស្ស៊ីក្រោម៤៨ដុល្លារក្នុងមួយបារ៉ែល។
អឺរ៉ុបសង្ឃឹមថាក្រុមប្រទេសធំៗដូចជាក្រុមជីប្រាំពីរ (G7) នឹងចូលរួមនៅក្នុងផែនការបញ្ចុះតម្លៃប្រេងរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក្ដី ដោយសារតំបន់មជ្ឈិមបូព៌ាកំពុងមានជម្លោះ ដូច្នេះធ្វើឱ្យប្រេងចេះតែឡើងថ្លៃ។ ប្រេងជាប្រភពចំណូលធំរបស់រុស្ស៊ី។ លោកពូទីនមានលុយកាន់ពេញដៃ និងធ្វើសង្គ្រាមមិនចេះនឿយណាយព្រោះលោកមានប្រេង និងឧស្ម័នសម្រាប់លក់។ ទោះបីលក់ធូរថ្លៃក៏គ្មានបញ្ហាដែរព្រោះវាជាធនធានធម្មជាតិដែលអាចទាញចេញពីក្នុងដីបានដោយងាយស្រួល៕
ចែករំលែកព័តមាននេះ