ខេត្តកំពង់ឆ្នាំង ៖ គិតចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី២៨ ដែលត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ឆ្នាំងមានអ្នកកើតជំងឺគ្រុនឈាមសរុបចំនួន៥០១ ករណី (ស្រី២៥០នាក់) បើប្រៀបធៀបសប្តាហ៍ទី២៨ដូចគ្នា ក្នុងឆ្នាំ២០២៤ កើតមានត្រឹម ៩០ករណី នោះឃើញថា កើនឡើង៥ ទៅ៦ដងនៃឆ្នាំចាស់ ឬស្មើប្រមាណ៤៥៧% ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី២៧ ឆ្នាំ២០២៥ មានករណីអ្នកជំងឺគ្រុនឈាម សម្រាកព្យាបាលទាំងនៅក្នុងខេត្តនិងក្រៅខេត្ត មានអ្នកជំងឺគ្រុនឈាមរហូតដល់ទៅ៧៨៣ករណី ដោយក្នុងនោះ សម្រាកព្យាបាលនៅក្នុងខេត្ត៤២០ករណី ក្រៅខេត្ត៣៦៣ ករណីស្លាប់១ករណី (ស្រី១)ក្នុងសប្តាហ៍ទី២៦ នៅមន្ទីរពេទ្យកុមារជាតិ ។

អ្នកជំងឺគ្រុនឈាម កើនឡើងច្រើនជាងគេនៅស្រុករលាប្អៀរ មានចំនួន១៨៥ករណី ស្រុកទឹកផុស៩៤ករណី ក្រុងកំពង់ឆ្នាំង៥៨ករណី ស្រុកកំពង់ត្រឡាច៥៧ករណី សាមគ្គីមានជ័យ៤៣ករណី ស្រុកបរិបូណ៌៣២ករណី ស្រុកកំពង់លែង១៦ករណី ស្រុកជលគីរី៦ ករណី និងមកពីខេត្តផ្សេង១០ករណី ។

ដោយឡែក បើយោងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឈឹម សារ៉ន ប្រធានសាល នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅ សាលកុមារមានអ្នកជំងឺសម្រាកព្យាបាលទូទៅ៨៤ករណី ក្នុងនោះ គ្រុនឈាមមាន៤៧ ករណី (ប្រុស២៧នាក់) ។
ក្រៅពីនោះជំងឺទូទៅមាន រលាកផ្លូវដង្ហើម រលាកសួត រាក និងជំងឺផ្សេងៗ មាន២៧ករណីក្នុងនោះ កូនតូច៦នាក់ ។

បើគិតពីសប្តាហ៍ទី១ ដល់សប្តាបនហ៍ទី២៨ ដើមឆ្នាំ២០២៥ អ្នកជំងឺចូលសម្រាកព្យាបាលនៅសាលកុមារមាន៤១២ករណី ធ្ងន់បញ្ជូនទៅភ្នំពេញ ១៣ ករណី ពុំមានអ្នកស្លាប់ទេ ។ ក្រុមគ្រួសារអ្នកជំងឺ ក៏ដូចជាអាណាព្យាបាលកុមារដែលកំពុងមើលថែអ្នកជំងឺក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងសំណូមពរដល់ក្រសួង និងមន្ទីរសុខាភិបាល សូមជួយបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបេត នៅតាមផ្ទះឲ្យបានច្រើន ។

ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយបានឃើញចំនួនអ្នកកើតជំងឺគ្រុនឈាមកើនឡើងគួរព្រួយបារម្ភបែបនេះ បានអាពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវសម្រាកនៅក្នុងមុងទាំងថ្ងៃយប់ឱ្យបានត្រឹមត្រូវ កម្ចាត់សំបកកំប៉ុង សំបកដូង សំបកកង់ឡាន ដែលអាចដក់ទឹក កាប់ឆ្ការព្រៃជុំវិញបរិវេនផ្ទះដើម្បីបំផ្លាញជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម៕



ចែករំលែកព័តមាននេះ