រាជធានីភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា រយៈពេលប្រមាណ២០ថ្ងៃនៃប្រតិបត្តិការក្តៅកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងចំនួន២០ទីតាំង និងឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់ ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS)នៅទូទាំងប្រទេសថា «បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបសរុបបាន២០ទី តាំង»។

ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យសរុប១.៣៦២នាក់ មានជនជាតិវៀតណាម៣៤៧នាក់, ជនជាតិឥណ្ឌូនេស៊ី២៧១នាក់, ជនជាតិចិន២២៦នាក់, ជនជាតិកូរ៉េ៥៧នាក់, តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ា ជាដើម។

ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល ។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញបានបញ្ជូនមេក្លោង១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។

ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត ៕


ចែករំលែកព័តមាននេះ