ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ឯបុរសជនជាតិខ្មែរជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ នៅក្នុងគ្រោះថ្នាក់រថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាដ១គ្រឿងបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង និងបណ្ដាលឲ្យធ្លាក់ពីលើផ្លូវល្បឿនលឿនថែមទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចគីឡូម៉ែត្រលេខ៩២ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាដនេះ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២CA-២៨២៩៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ។

រថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿន ទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។ នៅពេលទៅដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងម៉ាកហ្វូតុងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AM-៧៣២៩ពីក្រោយពេញទំហឹង ។ គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកបរឈ្មោះ សយ សារីន ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះលេខ៣២០ផ្លូវបេតុង ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់ និងអ្នករួមដំណើរជាជនជាតិចិនឈ្មោះ Liang You ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ។

នគរបាលស្រុកភ្នំស្រួចនិយាយថា ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ រីឯសពបុរសជនជាតិចិនដឹកយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំប្រគល់ឲ្យសាច់ញាតិ ។ ចំណែកថយន្តទាំង២គ្រឿងដែលខូចខាតធ្ងន់ ត្រូវបានស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការកំពង់សិលា K១១៤ ។ ករណីគ្រោះថ្នាក់ខាងលើនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មកពីអ្នកបើកបររថយន្តអាល់ហ្វាដ បើកបរល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន ៕

ចែករំលែកព័តមាននេះ