រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេងម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ លិចបាត់កាលពី២ថ្ងៃមុន បន្សល់ទុកតែម៉ូតូ និងទូរសព្ទនោះ ឥឡូវបានអណ្ដែតហើយ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា ២០២៥នេះ ។
សពនារីរូបនោះឈ្មោះ ហុង មីនា អាយុ១៧ឆ្នាំ ជាកម្មការិនីកាត់ដេរ និងរៀនសាឡន មានទីលំនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមព័ត៌មានឲ្យដឹងថា សពនារីវ័យក្មេងរូបនោះ បានអណ្ដែតហើយ រសាត់តាមខ្សែទឹកហូរ ហើយត្រូវបានគេប្រទះឃើញ នៅចំណុចភូមិដើមគរ សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រួចក៏រាយការណ៍មកសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារឲ្យមកមើលអះអាងថា ជាសពកូនស្រីរបស់ខ្លួន ដែលបានលោតទឹកកាលពីថ្ងៃមុនពិតប្រាកដមែន ។
គួរបញ្ជាក់ថា នារីវ័យក្មេងរូបនោះ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KV-1574 ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបនេះ ជិះម៉ូតូមួយគ្រឿងខាងលើឡើងលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីកើតទៅលិច។ នៅពេលទៅដល់កណ្តាលស្ពានក៏បានឈប់ម៉ូតូ រួចលោតទម្លាក់ខ្លួនទៅក្នុងទន្លេលិចបាត់បន្សល់ទុកតែម៉ូតូនិងទូរសព្ទ។
នៅយប់នោះ នគរបាលមូលដ្ឋាន ក៏បានចុះទៅយកម៉ូតូ និងទូរសព្ទ មករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ។
ក្រោយមក ក៏ដឹងដល់ក្រុមគ្រួសារមកដល់កន្លែងកើតហេតុ ហើយទាក់ទងទូកជនជាតិអ៊ីស្លាម ស្វែងរកតែរកមិនឃើញ។ លុះរំលងបានពីរថ្ងៃ សពក៏បានអណ្តែតឡើង។ ទាក់ទិន នៃការធ្វើអត្តឃា.តនេះ គេពុំដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដឡើយ ។
បើតាមក្រុមគ្រួសារ ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនារីវ័យក្មេងរូបនោះគិតខ្លី ដោយសារតែខឹងនឹងឪពុកមិនឱ្យទាក់ទងបុរសម្នាក់ ដែលជាសង្សារ ព្រោះគាត់ពុំពេញចិត្ត។ កន្លងមក ក៏បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនម្ដងមកហើយ តែពុំស្លាប់។ លុះនៅយប់ថ្ងៃទី១៥ ខែកក្កដា ក៏បានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនតែម្ដង។ បន្ទាប់ពីសាកសួរ និងធ្វើកំណត់ហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត តាមផ្លូវ២១ ភូមិកោះចាស់ ឃុំព្រែកស្ពឺ ស្រុកកោះធំ ខេត្តកណ្ដាល ៕




ចែករំលែកព័តមាននេះ