រាជធានីភ្នំពេញ ៖ មានការភ្ញាក់មួយ កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយអគ្គិភ័យឆេះនៅផ្ទះលេខ២៣៩អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មូលហេតុឪពុកផឹកស្រវឹងដេកលង់លក់ កូនប្រុសបងអាយុ៥ឆ្នាំយកដែកកេះកេះលេងបណ្តាលឲ្យឆេះវាំងនន ស្នួរខោអាវ និងរានទេវតា ផ្អើលទាំងយប់ ។

ករណីអគ្គិភ័យខាងលើនេះ ត្រូវបានលោកវរសេនីយ៍ត្រី ហ៊ន ឈាង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី២ ខណ្ឌ៧មករា បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ុក រ៉ាដា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ជាបុរសពោះម៉ាយចិញ្ចឹមកូន២នាក់ (ប្រុសទាំង២) ម្នាក់ឈ្មោះ អ៊ុក ដាវ៉ាន់ អាយុ៥ឆ្នាំ និងម្នាក់ឈ្មោះអ៊ុក ដាវ៉ាត់ អាយុ៤ឆ្នាំ ។

បុរសពោះម៉ាយ អ៊ុក រ៉ាដា បានបែកបាក់ជាមួយប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំហើយ ពោលគឺតាំងពីកូនប្រុសទាំងពីនៅតូចៗម្ល៉េះ ។ ពេលបែកបាក់គ្នា ប្រពន្ធបានចុះទៅតែម្នាក់ឯង មិនបានយកកូនទៅជាមួយទេ (អាចប្តីមិនឲ្យ) ហើយបច្ចុប្បន្នស្ត្រីជាប្រពន្ធបានទៅធ្វើការរោងចក្រ យូៗមកអើតលេងកូនម្តងម្កាល ។

ថ្ងៃកើតហេតុ បុរសពោះម៉ាយ អ៊ុក រ៉ាដា បានមកពីផឹកស្រវឹងឡើងទៅលើផ្ទះ រួចបានទុកកញ្ចប់បារីនិងដែកកេះនៅលើតុ ហើយក៏ដេកលង់លក់ទៅ ពេលនោះកូនប្រុសបងឈ្មោះ អ៊ុក ដាវ៉ាន់ អាយុ៥ឆ្នាំ បានយកដែកកេះកេះលេង បង្កឲ្យមានអគ្គិភ័យឆេះវាំងនន ស្នួរខោអាវ និងរានទេវតា បណ្តាលឲ្យភ្ញាក់ផ្អើលទាំងយប់ ។

ខណៈពេលមានអគ្គិភ័យឆេះក្នុងផ្ទះបែបនេះ បុរសជាឪពុកបានភ្ញាក់ឡើងស្ទុះរកកូនសោចាក់ទ្វារផ្ទះ ដើម្បីឲ្យអ្នកជិតខាងជួយពន្លត់ ប៉ុន្តែដោយសារការភ័យស្លន់ស្លោ និងមិនទាន់បាត់ស្រវឹងផង ខណៈរកសោទ្វារផ្ទះមិនឃើញ ទើបនាំកូនវាយទ្វារផ្ទះដើម្បីរត់ចេញ ហើយក៏ត្រូវបានអ្នកជិតខាង និងសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍វាយទម្លុះជញ្ជាំងឥដ្ឋដើម្បីសង្ក្រោះទាំងឪពុកទាំងកូន ។

លោកនាយនគរបាលប៉ុស្តិ៍អូរឬស្សី២បញ្ជាក់បន្ថែមថា អគ្គិភ័យនោះត្រូវបានអ្នកជិតខាង និងសមត្ថកិច្ច យកបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់ទៅបាញ់ពន្លត់ ក៏រលត់ភ្លាមទៅ ដោយមិនមានគ្រោះថ្នាក់ដល់មនុស្ស ឬបង្កដល់ផ្ទះជិតខាងទេ តែអ្វីដែលគេចាប់អារម្មណ៍នោះត្រង់ម្ចាស់ផ្ទះស្រវឹងភ្លេចមុខភ្លេចក្រោយសូម្បីកូនប្រុសទាំង២នាក់ក៏ត្រូវបានអ្នកជិតខាងជួយរំដោះចេញ និងនាំចុះពីលើផ្ទះនោះដែរ ។

ក្នុងហេតុការអគ្គិភ័យនោះ គេបានឃើញវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងលោកអធិការខណ្ឌ៧មករា ដឹកនាំកម្លាំងចុះទៅដល់ និងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៣គ្រឿងដែរ តែមិនបានប្រើប្រាស់ទឹកទេ ដោយអគ្គិភ័យនោះរលាត់ទៅវិញ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ