ខេត្តបាត់ដំបង ៖ ជនត្រូវចោទម្នាក់បានផ្លោះរបងតុលាការព្យាយាមរត់គេចខ្លួន តែជាងកន្លះម៉ោងក្រោយ ត្រូវកម្លាំងសមត្ថកិច្ចតាមក្របួចបានវិញ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី ១៧ កក្កដា ពេលដែលជននេះ កំពុងសំងំលាក់ខ្លួនក្នុងផ្ទះអ្នកភូមិនៅខាងលិចអគារតុលាការ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

សមត្ថកិច្ចដែលតាមចាប់ខ្លួនពិរុទ្ធនោះបាននិយាយថា ជនត្រូវចោទបានផ្លោះរបងរត់ចេញពីតុលាការពេលដែលអនុរក្សពន្ធនាគារបញ្ជូនមកកាន់តុលាការ ដើម្បីឲ្យចៅក្រមសួរនាំ។ ជននោះត្រូវបានអនុរក្សដោះខ្នោះដៃ ពេលត្រូវប្រគល់ជូនទៅឲ្យលោកចៅក្រមសួរនាំ ទើបជននេះអាចរត់ផ្លោះរបងតុលាការបាន តែប្រហែលជាងកន្លះម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចចម្រុះព័ទ្ធចាប់បានវិញ ។

បើតាមសមត្ថកិច្ចបានប្រាប់ថា ជនត្រូវចោទរូបនេះ ឈ្មោះ ពៅ នេត ភេទប្រុស អាយុ២៧ឆ្នាំ ។ ជននេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តចោទប្រកាន់ពីបទ«លួចមានស្ថានទម្ងន់ទោស» ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងករណី«គាស់ផ្ទះ លួចយកម៉ូតូ» ហើយត្រូវបានលោកចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាំងពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៤ ។

ប្រភពពីសមត្ថកិច្ចបាននិយាយថា ជនត្រូវចោទត្រូវបានកម្លាំងអនុរក្សពន្ធនាគារនាំខ្លួនមកកាន់តុលាការ ដើម្បីសួរនាំ តែនៅពេលដោះខ្នោះដៃចេញ ជននេះបានព្យាយាមរត់ផ្លោះរបងតុលាការរត់ ធ្វើឲ្យផ្អើលអស់សមត្ថកិច្ចជួយអន្តរាគមន៍ ។ ជននេះបានរត់ចូលផ្ទះអ្នកភូមិដែលនៅខាងលិចតុលាការនោះប្រហែល១០០ម៉ែត្រ ។

ជននេះបានពួនសំងំនៅក្នុងផ្ទះនោះដែលម្ចាស់មិននៅ តែនៅពេលសមត្ថកិច្ចត្រួតពិនិត្យឃើញមានស្លាកស្នាមគួរឲ្យសង្ស័យ ទើបចូលមើលក៏ឃើញជនត្រូវចោទកំពុងសំងំយ៉ាងគ្រហើៗក៏ចាប់អូសកចេញពីផ្ទះពលរដ្ឋក្រៀកបណ្ដើរយកទៅចូលតុលាការវិញភ្លាមៗដែរ ។

នេះជាការធ្វែសប្រហែសរបស់ក្រុមអនុរក្សដែលបញ្ជូនជនត្រូវចោទ ឬអ្នកទោសទៅកាន់តុលាការដោយខ្វះការប្រុងប្រយ័ត្ន ។ ដូច្នេះហើយ ទើបកន្លងមកពិរុទ្ធក្ដី អ្នកទោសក្ដី តែងឆក់ឱកាសរត់រួចចេញពីតុលាការជាបន្តបន្ទាប់នាពេលកន្លងមក ៕


ចែករំលែកព័តមាននេះ