ទីក្រុងបាងកក ៖ អនុគណៈកម្មាធិការនៃគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ប្រទេសថៃបានលើកឡើងថា ទេសចរណ៍ថៃមិនគួរមើលស្រាលគូប្រជែងក្នុងតំបន់ឡើយ ពិសេសប្រទេសវៀតណាម ដែលកំពុងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដូចជា ផ្លូវរថភ្លើងល្បឿនលឿន ការវិធានការទាក់ទាញថ្មីៗ និងវិស័យសណ្ឋាគារ។ នេះបើតាមប្រភពពីកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី Marisa Sukosol Nunbhakdi ប្រធានអនុគណៈកម្មាធិការទេសចរណ៍បានថ្លែងថា ប្រទេសថៃត្រូវការការវិនិយោគថ្មីក្នុងវិស័យទេសចរណ៍ ជាពិសេសការអភិវឌ្ឍន៍ដែលបង្កើតឡើងដោយមនុស្ស បើមិនដូច្នេះទេវានឹងបាត់បង់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។
កាលពីឆ្នាំមុន វៀតណាមបានប្រកាសសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៦៧ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ទីក្រុងហាណូយភាគខាងជើងជាមួយទីក្រុងហូជីមិញខាងត្បូង ដែលត្រូវបានរំពឹងថានឹងដំណើរការនៅឆ្នាំ២០៣៥។
ថ្លែងក្នុងវេទិកា SPLASH – Soft Power Forum 2025 ដែលធ្វើឡើងកាលពីសប្តាហ៍មុន លោកស្រី Marisa បានឱ្យដឹងថា ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍ ដោយចាត់ទុកប្រទេសវៀតណាមជាប្រទេសដែលមានឆ្នេរសមុទ្រវែងដ៏ស្រស់ស្អាត អាចទាក់ទាញការអភិវឌ្ឍន៍សណ្ឋាគារបន្ថែមទៀត។ ប្រទេសវៀតណាមបានស្វាគមន៍បណ្តាសណ្ឋាគារប្រណីតល្បីឈ្មោះឈានមុខគេរួចហើយ ដូចជា Capella Hanoi រចនាដោយស្ថាបត្យករអាមេរិក លោក Bill Bensley ជាដើម។ លោកស្រី Marisa បន្តថា ទីក្រុងហាណូយក៏មានគម្រោងសង់រោងមហោស្រពថ្មី ដែលមានបំណងក្លាយជារូបតំណាងចុងក្រោយបង្អស់នៃទីក្រុងនេះ។
លោក Kriengkrai Kanjanapokin សមាជិកនៃអនុគណៈកម្មាធិការបុណ្យជាតិនៃគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ថៃ ក៏បានលើកឡើងថា អ្នកអភិវឌ្ឍន៍ភ្នំភ្នំបាណា (Ba Na Hills) នៅក្នុងទីក្រុងដាណាង (Da Nang) បានប្រាប់លោកថា ការបើកស្ពានមាសដ៏ល្បីល្បាញបានជួយទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅប្រទេសវៀតណាមបានយូរ និងចូលរួមក្នុងសកម្មភាពកាន់តែច្រើននៅតំបន់ភ្នំដ៏ល្បីមួយនេះ។ លោកកត់សម្គាល់ថា នៅទីបំផុត ដាណាង បានក្លាយជាទីក្រុងទេសចរណ៍ឈានមុខគេ ដោយសារសកម្មភាពអស់ទាំងនោះ។
លោកស្រី Marisa បានបន្ថែមថា ប្រទេសមួយចំនួនជ្រើសយកសារមន្ទីរ និងសិល្បៈជាកន្លែងសម្គាល់ទីក្រុងរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោកស្រីក៏បានរំលេចទៀតថា អំឡុងពេលវិស័យផ្សេងទៀតកំពុងត្រូវបានរារាំងដោយពន្ធថ្មីរបស់អាមេរិក ការអភិវឌ្ឍន៍ទេសចរណ៍គួរត្រូវបានចុះបញ្ជីសម្រាប់ការអនុវត្តដ៏សំខាន់របស់ក្រសួង និងអង្គការសាធារណៈទាំងអស់ ដើម្បីអនុញ្ញាតឱ្យមានកិច្ចសហការគ្នាកាន់តែច្រើនក្នុងចំណោមភាគីផ្សេងៗគ្នា។
ឱកាសផ្សេងទៀតសម្រាប់ប្រទេសថៃរួមមាន ទេសចរណ៍ផ្លូវដែក ដែលតភ្ជាប់អ្នកទេសចរទៅកាន់ទីក្រុងទាក់ទាញមួយទៀត ដូចដែលប្រទេសអេស្ប៉ាញ និងបារាំងបានធ្វើ ដោយទាក់ទាញភ្ញៀវទេសចរប្រហែល១០០លាននាក់ក្នុង១ឆ្នាំ។ លោកស្រីថា ផ្លូវដែករដ្ឋរបស់ថៃ គ្រោងនឹងផ្តល់ជូននូវរថភ្លើងម៉ាស៊ីនត្រជាក់ថ្មី ដើម្បីបំពេញតម្រូវការរបស់អ្នកធ្វើដំណើរ។
ជាមួយគ្នានោះ លោក Kriengkrai ក៏បានបន្ថែមថា ប្រទេសថៃចាំបាច់ត្រូវតែរៀបចំពិធីបុណ្យប្រពៃណីឡើងវិញ ដើម្បីបម្រើឱ្យលើសពីគោលបំណងធម្មតា ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ ដោយការប្រគុំតន្ត្រី S2O គឺជាឧទាហរណ៍ដ៏ល្អមួយនៃការបញ្ចូលគ្នានូវពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ៕ ប្រភព ៖ Bangkok Post

ចែករំលែកព័តមាននេះ