ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​កម្ពុជា​៖ បន្លែ ផ្លែ​ឈើ ប្រេងឥន្ធនៈ​ថៃហាម​នាំ​ចូល​មក​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញ​ពី​ប្រភេទ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ មាន​បន្លែ ផ្លែ​ឈើ ប្រេងឥន្ធនៈ ជាប់​បម្រាម​នាំ​ចូល​មក​កម្ពុជា តែ​ទំនិញ​ផ្សេង​អាច​នាំ​ចូល​តាម​ផ្លូវ​ណា​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី ដោយ​យោធា​ថៃ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញ​ពី​ប្រភេទ​ទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ មាន​បន្លែ ផ្លែ​ឈើ ប្រេងឥន្ធនៈ ជាប់​បម្រាម​នាំ​ចូល​មក​កម្ពុជា តែ​ទំនិញ​ផ្សេង​អាច​នាំ​ចូល​តាម​ផ្លូវ​ណា​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី ដោយ​យោធា​ថៃ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា ជា​ថ្មី​ម្តងទៀត អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​អាជីវករ​/​ពាណិជ្ជករ ធុរជន​និង សាធារណជន​មេត្តា​ជ្រាប​ថា មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដែល​ជាប់​បម្រាម​នាំ​ចូល​មក​កម្ពុជា​មាន​ដូច​ខាងក្រោម​៖

ក​. បន្លែ និង​ផ្លែ​ឈើ
ខ​. ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​។ មុខទំនិញ​ក្នុង​ចំណុច ខ នេះ មាន​ដូច​ខាងក្រោម​៖
១. ប្រេងសាំង (Gasoline)
២. ប្រេងម៉ាស៊ូត (Diesel)
៣. ឧស្ម័ន​រាវ​សម្រាប់​ដុត (LPG និង LNG)
៤. ប្រេង​ខ្មៅ (Fuel oil) និង
៥. ប្រេងសាំង​យន្តហោះ (Jet-A1)​។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​លើក​ឡើង​ទៀត​ថា ដោយឡែក មុខទំនិញ​ផ្សេង​ទៀត ក្រៅពី​មុខទំនិញ​ក្នុង​ចំណុច ក និង ខ ខាងលើ មិនមែន​ជា​កម្មវត្ថុ​នៃ​ការ ហាមឃាត់​ការ​នាំ​ចូល​ទេ ។
អាជីវករ​/​ពាណិជ្ជករ នៅ​បន្ត​នាំ​ចូល​បានជា​ធម្មតា​ដោយ​បំពេញបែបបទ និង​នីតិវិធី​កំណត់ ដោយ​លិខិត​បទដ្ឋាន​ជា​ធរមាន ។

ចំពោះ​តម្រាយ​ផ្លូវ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចូល​មក​កម្ពុជា អាជីវករ​/​ពាណិជ្ជករ​អាច​ប្រើប្រាស់​មធ្យោបាយ ដឹក​ជញ្ជូន​ផ្សេង​ៗ និង​តាម​មាត់ច្រក​ផ្លូវការ​នានា លើកលែងតែ​មាត់ច្រក​ព្រំ​ដែន​ផ្លូវគោក​កម្ពុជា​-​ថៃ ដែល​ត្រូវ​បាន​បិទ​ជា ឯកតោភាគី​ដោយ​យោធា​ថៃ​។ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នឹង​បន្ត​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​ជូន​អាជីវករ​/​ពាណិជ្ជករ ធុរជន​និងសា​ធា​រណជន​អំពី​ស្ថាន​ការ និង​កា​រវិ​វត្ត​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ខាងលើ​នេះ​។

អាស្រ័យ​ហេតុនេះ សូម​អាជីវករ​/​ពាណិជ្ជករ ធុរជន និង​សាធារណជន មេត្តា​ជ្រាប និង​ចូលរួម​អនុវត្ត​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ