ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាពយ៉ាងណាទៅ ? នៅ​វៀតណាមរកឃើញជើងមាន់ជាង១៣ តោន ត្រាំទឹកថ្នាំឱ្យសមុននឹងបង្កកត្រៀមចែកចាយលើទីផ្សារ

1 ថ្ងៃ មុន

វៀតណាម ៖ អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ និង​រឹបអូស​ជើងមាន់​បង្កក​ជាង​១៣​តោន ដែល​ត្រូវ​បាន​ត្រាំ ដើម្បី​បំបាត់​ពណ៌ បំបាត់​ក្លិន ដោយ​ប្រើ​សារធាតុ​គីមី​គ្រោះថ្នាក់ ត្រៀម​បញ្ចេញ​ទៅ​កាន់​ទីផ្សារ ។…

វៀតណាម ៖ អាជ្ញាធរ​វៀតណាម​បាន​រក​ឃើញ និង​រឹបអូស​ជើងមាន់​បង្កក​ជាង​១៣​តោន ដែល​ត្រូវ​បាន​ត្រាំ ដើម្បី​បំបាត់​ពណ៌ បំបាត់​ក្លិន ដោយ​ប្រើ​សារធាតុ​គីមី​គ្រោះថ្នាក់ ត្រៀម​បញ្ចេញ​ទៅ​កាន់​ទីផ្សារ ។ ការ​រក​ឃើញ​នេះ ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ឃ្លាំង​បង្កក​មួយ​កន្លែង នៅ​ខេត្ត​ថា​ញ​ហ្វា (Thanh Hóa) កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី Dân Trí News របស់​វៀតណាម បានឱ្យ​ដឹង​ថា នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ថា​ញ​ហ្វា (Thanh Hóa) រួម​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ទីផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ភ្លាម​ៗ​នូវ​ឃ្លាំង​បង្កក​របស់​សិប្បកម្ម​កែ​ច្នៃ​ជើងមាន់​បង្កក Thanh Binh ដែល​ស្ថិត​នៅ​តំបន់​កំពង់​ផែ​ហ៊ុយ (Hói) ក្នុង​សង្កាត់​ស៊ាំ​សឿ​ន (Sầm Sơn) ដែល​ជា​កម្ម​សិទ្ធ​របស់​លោកស្រី Nguyễn Thị Diệu Hằng អាយុ​៣៥ ឆ្នាំ ។

ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ឆែកឆេរ​នេះ អាជ្ញាធរ​បាន​រក​ឃើញ​ថា កម្មករ​ជា​ច្រើន​នាក់ កំពុង​កែ​ច្នៃ​ជើងមាន់​បង្កក ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ខណៈ​ដែល​ជើងមាន់​ទាំងនោះ កំពុងត្រាំ​ក្នុង​ធុង​ធំ​ៗ​ជាមួយនឹង​ទឹក​ដែល​លាយ​សារធាតុ​គីមី​ឈ្មោះ Interox ST 50 (H₂O₂) ដើម្បី​ធ្វើ​ឱ្យជើង​មាន់​ស ស្រស់​ល្អ មុន​ពេល​យក​ទៅ​បង្កក ហើយ​វេច​ខ្ចប់ និង​ចែកចាយ​ទៅ​កាន់​ទីផ្សារ ។

យោង​តាម​របាយការណ៍ ជើងមាន់ ដែល​រឹបអូស​បាន​មាន​ទម្ងន់​សរុប​ជាង​១៣​តោន ដោយ​អាជ្ញាធរ​បា​នប​ញ្ចូ​ន​សំណាក​ជើងមាន់​ទៅ​ធ្វើតេស្ត​មន្ទីរពិសោធន៍ ដើម្បី​ជា​មូលដ្ឋាន​ផ្លូវច្បាប់​សម្រាប់​ដោះស្រាយ​ករណី​នេះ ។

សូម​ជម្រាប​ថា Interox ST 50 ដែល​គេ​ប្រើ​ត្រាំ​ជើងមាន់ គឺជា​សារធាតុ​គីមីឧស្សាហកម្ម ដែល​មាន​ផ្ទុក​អ៊ីដ្រូសែន ពែរ​អុកស៊ីត (H₂O₂) កំហាប់ ៥០% ។ សារធាតុ​នេះ ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់ ៖ បន្សុទ្ធ​ទឹក​កាក​សំណល់​, សម្អាត​ពណ៌​ក្រណាត់ បោកគក់​សម្លៀក​បំពាក់ លាង​បង្គន់ ហើយ​សារធាតុ​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​វៀតណាម ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឧស្សាហកម្ម និង​សិប្បកម្ម​កែ​ច្នៃ​ចំណីអាហារ​ជា​ដាច់ខាត ។

យ៉ាងណា​ក៏​ដោយ នៅ​ប្រទេស​វៀតណាម ជា​ញឹកញាប់​គេ​តែង​រក​ឃើញ ការ​ប្រើប្រាស់​សារធាតុ​គីមី​នេះ ហួស​កម្រិត​នៅ​តាម​សិប្បកម្ម​កែ​ច្នៃ​អាហារ​ដែល​និយម​ប្រើ​សារធាតុ​នេះ ដើម្បី​រក្សា​ពណ៌​ឱ្យ​ស ល្អ ដូច​ជា នំ​បញ្ចុក ទំពាំង​ជ្រក់ គ្រឿងក្នុង​ជ្រូក​ជាដើម ។

ចំណីអាហារ​ដែល​ប្រើ​សារធាតុ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព រួម​មាន ៖ រលាក​ភ្នាស​ខាងក្នុង ,​ខូចខាត​ប្រព័ន្ធ​រំលាយ​អាហារ​, បំផ្លាញ​ថ្លើម និង​តម្រងនោម ,​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ដោយសារ​តែ​សំណល់​អុកស៊ីតកម្ម​ខ្លាំង នៅ​សេសសល់ ក្នុង​អាហារ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ក្រៅពី​ចំណីអាហារ យោង​តាម​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក (FDA) ក៏​ធ្លាប់​បាន​ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ទូ​ទាំង​ពិភពលោក​ឱ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ផលិតផល ឱសថ ,​គ្រឿងសម្អាង ,​ទឹកស​ម្លា​.​ប់​មេរោគ និង​ថ្នាំដុះធ្មេញ​ជាដើម សូមកុំ​ទិញ ឬ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​អ៊ីដ្រូសែន ពែរ​អុកស៊ីត ឬ​ហៅ​ខ្លី​ថា ទឹក​អុក​ស៊ី​សែន លើស​កម្រិត ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​អាច​ស្លា​.​ប់​ផង​ដែរ ប្រសិនបើ​លេប​វា​ចូល ៕

កែសម្រួលដោយ