រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ «បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំងផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង ។

ការចេញបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបង្កការគំរា.មកំហែ.ង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ ។ ក្រុមឧក្រិ.ដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ។
យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ ។

ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង» ។
បន្ថែមលើនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីឱ្យគ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន ។

សម្តេចបវរធិបតី បានឲ្យ ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្ដេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់ ។
លើសពីនេះ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសជិតខាងត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ។
គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេ មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ។
ប្រមុខរាជរដ្ឋាភិបាលក៏ឲ្យក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ន និង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការតាមការចាំបាច់ ៕
ចែករំលែកព័តមាននេះ