ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដោយ​មាន​យុវជន​ជា​ស្នូល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ឈិ​ន ចូ​វ (Chen Zhou) អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ឈិ​ន ចូ​វ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិ​បតី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូប​លោក និង​គណៈប្រតិភូ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម ។

ឯកឧត្តម​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជី​ន​ពីង ក៏​ដូច​ជា​ឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ។

ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែមេសា ឆ្នាំ​២០២៥ គឺជា​សក្ខីភាព​ឆ្លុះ​បញ្ចាំង​ពី​កា​រវិ​វត្ត​កាន់តែ​ល្អ​ប្រសើរ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​បរិការណ៍​ដែល​ពិភពលោក នៅ​តែ​មាន​ភាព​មិន​ប្រាកដប្រជា និង​ស្រប​ពេល​ដែល​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច កាន់តែ​មាន​ភាព​ស្រួចស្រាល់​ឡើង ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ គឺ​កាន់តែ​មាន​សារៈសំខាន់ ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​ប្រទេស​ទាំង​ពីរ បន្ត​ពូន​ជ្រុំ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ទាំង​ក្នុង​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល គណបក្ស​និង​គណបក្ស និង​ការ​បន្ត​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ ដែល​ជា​យុវជន​បន្ដវេន​របស់​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​សមត្ថ​ភាពរឹងមាំ​ថែម​ទៀត ដើម្បី​ត្រៀមខ្លួន​ទទួល​ភារកិច្ច​ដឹកនាំ​ប្រទេស​នា​ពេល​អនាគត ក្នុង​នាទី​ជា​អ្នកដឹកនាំ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង នូវ​ការ​ស្វាគមន៍ និង​សោមនស្ស​រីករាយ​ដែល​បាន​ជួប ឯកឧត្តម ឈិ​ន ចូ​វ អនុរដ្ឋមន្ត្រី និង​គណៈប្រតិភូ ក្នុង​ពេល​ដែល​ឯកឧត្តម និង​គណៈប្រតិភូ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គ្រប់​កម្រិត ដែល​សម្រេច​បាន​នូវ​សហគមន៍​ជោគវាសនា​រួម​នៅ​គ្រប់​រដូវ​កាល ដែល​ត្រូវ​បាន​អនុវត្ត​នៅ​គ្រប់​កម្រិត ទាំង​កម្រិត​រដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត​។
សម្ដេច​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​កម្រិត នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នេះ គឺ​មិន​កាត់​ផ្តាច់​ចេញ​បាន​ឡើយ​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​រវាង​គណបក្ស​យើង​ទាំង​ពីរ ដោយ​មាន​យុវជន​ជា​ស្នូល ។

សម្តេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ដល់​យុវជន នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ដល់​ការ​បន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ