ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតរូបថតឆ្នាំ២០២៥ក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី​»​

11 ម៉ោង មុន

​រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីកម្មវិធីប្រឡងជ្រើសរើសស្នាដៃថតរូបឆ្នាំ២០២៥ សម្រាប់អ្នកស្រឡាញ់ការថតរូបទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីខ្មែរ។ ក្រសួងបញ្ជាក់ថា កម្មវិធីប្រឡងស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ…

​រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីកម្មវិធីប្រឡងជ្រើសរើសស្នាដៃថតរូបឆ្នាំ២០២៥ សម្រាប់អ្នកស្រឡាញ់ការថតរូបទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីខ្មែរ។

ក្រសួងបញ្ជាក់ថា កម្មវិធីប្រឡងស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការដឹងគុណ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងចែករំលែករូបភាព និងការចងចាំល្អៗដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ កាលបរិច្ឆេទនៃការទទួលពាក្យចូលចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

​សម្រាប់ខ្លឹមសាររូបថតប្រកួត ក្រសួងបង្ហាញថា ក្រសួងនឹងរើសយកខ្លឹមសារគោលដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់ខ្មែរ ក្នុងនោះ មានដូចជា ទិដ្ឋភាពសម្បត្តិវប្បធម៌អរូបី ដូចជា សម្តែងសិល្បៈទស្សនីយភាព ចាប៉ីដងវែង ល្ខោនខោល ល្ខោនបាសាក់ របាំប្រពៃណី, ការផលិត និងបង្ហាត់ឧបករណ៍ភ្លេងបុរាណ គុនល្បុក្កតោ តម្បាញ ស្មូន, ការរៀបចំកិច្ច និងគ្រឿងរណ្តាប់, ការសូត្រកំណាព្យ សិល្បៈសូនរូប សិល្បៈសិប្បកម្មប្រពៃណី, សិល្បៈវប្បធម៌ជនជាតិដើមភាគតិច, សកម្មភាពបង្ហាញស្នាដៃ និងការបន្តវេនមរតករបស់មនុស្សរស់, សកម្មភាពបណ្តុះបណ្តាលជំនាញមរតកដូនតានៅតាមសហគមន៍, កិច្ចប្រារព្ធពិធីផ្សេងៗ និងការលេងល្បែប្រជាប្រិយជាដើម។

ចំពោះលក្ខខណ្ឌចូលរួមប្រកួត បេក្ខជនត្រូវថតរូបពីទិដ្ឋភាពសម្បត្តិបេតិកភណ្ឌអរូបីកម្ពុជា, អ្នកថតត្រូវជាជនជាតិខ្មែរ, អ្នកចូលរួមប្រកួតម្នាក់ អាចរើសរូបថតដាក់ចូលការប្រកួតចំនួន៥, រូបថតពណ៌ធម្មជាតិ ភ្លឺច្បាស់ល្អ ជារូបដើម ដោយមិនប្រើប្រាស់បច្ចេកទេសកាត់ត, រូបថតដែលមានថត មានរយៈពេលមិនលើសពី១២ខែ (គិតដល់ថ្ងៃប្រឡង), ទំហំរូបថតចាប់ពី 10MB ឡើងក្នុងមួយរូប, និងជាស្នាដៃដែលមិនធ្លាប់ទទួលជ័យលាភីពីមុនមក។

បើតាមក្រសួងលទ្ធផលជ័យលាភី នឹងប្រកាសនៅថ្ងៃទី២៤ ខែតុលា ក្នុងពិធីបើកពិព័រណ៍​ស្នា​ដៃរូបថតឆ្នាំ២០២៥ នៅសារមន្ទីរខ្លែងខ្មែរ រាជធានីភ្នំពេញ។ ចំពោះស្នាដៃរូបថត​បេក្ខ​ជន​ទាំង៦០ ដែលត្រូវបានជ្រើសរើសតាំងដំណាក់កាលដំបូង នឹងដាក់តាំងបង្ហាញ​ជា​សា​ធារណៈ ក្នុងកម្មវិធីពិព័រណ៍ស្នាដៃរូបថត នៅសារមន្ទីរខ្លែងខ្មែរ រួមទាំងការផ្សព្វផ្សាយ​នានា​ផងដែរ។

ដោយឡែកចំពោះជ័យលាភីរូបថតឆ្នើម និងជ័យលាភីប្រជាប្រិយលេខ១ ដល់លេខ៣ នឹង​ទទួលបានពានមួយ ប្រកាសនីយបត្រ និងថវិកាគាំទ្រមួយចំនួន។ ក្រៅពីនេះក៏មានរង្វាន់​កិត្តិយស​សម្រាប់រូបថតចំនួន ៥៤រូប ដែលត្រូវបានជ្រើសរើសក្នុងដំណាក់កាលដំបូងផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ