រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ ប៉ុន្ដែបានត្រៀមរៀបចំរួចរាល់សម្រាប់សង្គ្រាមនៅពេលណាមួយ ។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីថៃបង្កឲ្យមានជម្លោះបញ្ហាព្រំដែនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ។
លើសពីនេះ បុគ្គល Sinthi Limthongkul មេជ្រុលនិយម បាននិយាយយ៉ាងងងើលនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ថា ប្រសិនបើគាត់ជាប់ឆ្នោតដឹកនាំប្រទេស និងមានអំណាចពេញដៃ គាត់នឹងលើកកម្លាំងកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា ដើម្បីយកខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង ។
នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់ក្រុមចោរសៀមឈ្លានពានដែលមានគម្រោងចង់ធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំក្នុងដែនអធិបតេយ្យកម្ពុជា ។
ក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យលើសេចក្ដីស្នើច្បាប់រដ្ឋធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញពាក់ព័ន្ធការដកសញ្ជាតិ សម្ដេចតេជោបានព្រលយសម្ដីហៅក្រុមទាហានថៃឲ្យសាកល្បងធ្វើរបងព័ទ្ធប្រាសាទតាមាន់លមើល បើសិនពួកគេព្រហើនដល់ថ្នាក់នេះនៅក្នុងសម័យតេជោធិបតី ។
យ៉ាងណាក្តី បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនចង់ធ្វើសង្គ្រាមនោះទេ ប៉ុន្ដែបានត្រៀមរៀបចំរួចរាល់សម្រាប់សង្គ្រាមមួយនេះ ដែលនឹងមកដល់ក្នុងពេលណាមួយ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ប៉ុន្មានថ្ងៃនេះ ចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ សាកលមើលៗ ។ គំរាមវៃទៅយកបាត់ដំបង សៀមរាប វៃចូលដល់ភ្នំពេញ សាកល្បងមើល សម័យនេះហើយ បើអ្នកឯងហ៊ានដល់ថ្នាក់ហ្នឹង តើខ្មែរអន់ណាស់ឬអី?ខ្មែរសម័យនេះ សម័យតេជោធិបតី»។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ការត្រៀមលក្ខណៈរបស់កម្ពុជា បូករួមទាំងច្បាប់ដកសញ្ជាតិផងដែរ ដើម្បីកុំឲ្យមានជនក្បត់ជាតិ ទៅគប់គិតជាមួយបរទេស ហើយមកបំផ្លាញកម្ពុជា។
សម្ដេចសង្កត់ធ្ងន់ថា បើជនក្បត់នេះ នៅក្នុងប្រទេសជាប់គុក តែបើជនក្បត់ទៅនៅក្រៅប្រទេស ត្រូវដកសញ្ជាតិ រាប់ទាំងជនបរទេសដែលចូលសញ្ជាតិខ្មែរ ។
សូមជម្រាបថា បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃប៉ុន្មានថ្ងៃនេះ បានលើកឡើងថា ក្រុមយោធាថៃបានត្រៀមលក្ខណៈទាំងមធ្យោបាយ និងសម្ភារដឹកជញ្ជូនមកតំបន់ព្រំដែន ដែលពួកគេមានគម្រោងក្នុងការធ្វើរបងព័ទ្ធប្រាសាទតាមាន់តែម្ដង ៕
ចែករំលែកព័តមាននេះ