សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សសហរដ្ឋអាមេរិក Nvidia បានប្រកាសថា នៅពេលឆាប់ៗខាងមុខនេះ ខ្លួននឹងបន្តការលក់បន្ទះឈីបឆ្លាតវៃបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់របស់ខ្លួនទៅឱ្យប្រទេសចិនវិញ។ នេះបើតាមប្រភពពី BBC ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
Nvidia បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានធានាដល់ក្រុមហ៊ុនថា ពួកគេនឹងផ្តល់អាជ្ញាប័ណ្ណដែលត្រូវការ ដើម្បីចាប់ផ្តើមការនាំចេញឡើងវិញទៅកាន់ប្រទេសចិន។ ការផ្លាស់ប្តូរនេះ បញ្ច្រាសពីការហាមឃាត់ការលក់បន្ទះឈីប H20 របស់ក្រុមហ៊ុន Nvidia ទៅឱ្យប្រទេសចិន ដែលបានដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីខែមេសាកន្លងទៅ ជុំវិញការព្រួយបារម្ភថា បន្ទះឈីបទាំងនោះអាចត្រូវបានយកទៅប្រើប្រាស់ដោយយោធាចិន។ បន្ទះឈីបប្រភេទនេះ ជាចំណុចសំខាន់នៃការគ្រប់គ្រងការនាំចេញ ដែលមានបំណងរក្សាបច្ចេកវិទ្យាទំនើបជៀសឆ្ងាយពីដៃចិន នៅពេលការប្រកួតប្រជែង AI រវាងសហរដ្ឋអាមេរិក និងចិនកាន់តែក្តៅគគុក។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មអាមេរិកមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពី BBC ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រុមហ៊ុន Nvidia នៅឡើយនោះទេ។
បន្ទះឈីប H20 ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងការនាំចេញរបស់អាមេរិកត្រូវបានដាក់ដោយរដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ក្នុងឆ្នាំ២០២៣ ហើយការលក់ត្រូវបានហាមឃាត់យ៉ាងមានប្រសិទ្ធភាពដោយរដ្ឋបាលរបស់លោក ត្រាំ កាលពីខែមេសាកន្លងទៅ។
ការប្រកាសពីក្រុមហ៊ុន Nvidia បានធ្វើឡើង ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបង្ហាញសញ្ញាធូរស្រាល។ ជាក់ស្តែង កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលទាំងពីរបានព្រមព្រៀងផ្អាកបណ្តោះអាសន្នពន្ធកម្រិតខ្ពស់នៅក្នុងសង្គ្រាមពន្ធគយ ដោយបានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តចរចាឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងជាមួយគ្នា។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចិនបានបន្ធូរបន្ថយការគ្រប់គ្រងពាណិជ្ជកម្មលើការនាំចេញសារធាតុដ៏កម្ររបស់ខ្លួន ខណៈពេលដែលសហរដ្ឋអាមេរិកបានដកការរឹតបន្តឹងលើក្រុមហ៊ុនផលិតឈីបសម្រាប់ការរចនាកម្មវិធីកុំព្យូទ័រដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Nvidia ដែលកាលពីថ្មីៗនេះ ទើបតែក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេលើពិភពលោក ដែលមានតម្លៃទីផ្សារឡើងដល់៤ទ្រីលានដុល្លារអាមេរិកនោះ បានចាត់ទុកប្រទេសចិនជាទីផ្សារដ៏សំខាន់មួយជាយូរមកហើយ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកទិញកំពូលរបស់ខ្លួនទូទាំងពិភពលោក។ នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានចំណាយពេលជាច្រើនខែ ដើម្បីបញ្ចុះបញ្ចូលភាគីទាំងពីរសម្រាប់ការបន្តការលក់បន្ទះឈីប H20 នៅក្នុងប្រទេសចិន៕



ចែករំលែកព័តមាននេះ