ទីក្រុងឌូបៃ៖ អគារដ៏ប្រណិតឈ្មោះ Ciel Tower កម្ពស់៣៦៥ម៉ែត្រ ដែលមាន៨២ជាន់ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំនេះ (មិនទាន់ប្រកាសអំពីកាលបរិច្ឆេទផ្លូវការ) ដោយវានឹងក្លាយជាសណ្ឋាគារខ្ពស់ជាងគេបំផុតលើពិភពលោក ដោយមានបន្ទប់ស្នាក់នៅដល់ជាង១ពាន់បន្ទប់ឯណោះ។
បច្ចុប្បន្នពានរង្វាន់សណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក កំពុងត្រូវបានកាន់កាប់ដោយសណ្ឋាគារ Gevora កម្ពស់៣៥៦ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម ដែលទទួលស្គាល់ដោយ Guinness World Records។
បើយោងតាមកាសែត The Sun បានរាយការណ៍ថា Ciel Tower ស្ថិតនៅក្នុងតំបន់ឌូបៃម៉ារីណា (Dubai Marina) នៃទីក្រុងឌូបៃ ហើយនឹងផ្តល់បន្ទប់ស្នាក់នៅជាង១ពាន់បន្ទប់ រួមទាំងបន្ទប់ប្រណិតបំផុតចំនួន ១៥០បន្ទប់ផងដែរ។ សណ្ឋាគារដ៏ប្រណិតនេះ នឹងមានកន្លែងទស្សនាទេសភាព៣៦០ដឺក្រេនៅជាន់ទី៨១ ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ និងប្រណិតនៃទីក្រុងឌូបៃ ដែលអាចប្រកួតប្រជែងជាមួយនឹង Burj Khalifa ដែលជាអគារខ្ពស់បំផុតនៅលើពិភពលោក ដែលមានទីតាំងនៅក្នុងទីក្រុងឌូបៃដូចគ្នា។
ក្រៅពីជាសណ្ឋាគារខ្ពស់បំផុតនៅលើពិភពលោក Ciel Tower ក៏នឹងមានអាងហែលទឹក Infinity Pool ខ្ពស់បំផុតលើពិភពលោកផងដែរ ដែលរំពឹងថាស្ថិតនៅជាន់ទី៧៦។ នៅឯជាន់ទី១៦ នឹងមានបន្ទប់ Nest Executive Lounge ដែលជាកន្លែងរចនាឡើងសម្រាប់ភ្ញៀវថ្នាក់ធុរកិច្ចដើម្បីសម្រាក និងរីករាយជាមួយទិដ្ឋភាពដ៏ធំទូលាយនៃផ្ទៃមេឃ។ ស្របពេលដែលបន្ទប់ភ្ញៀវនឹងត្រូវបានបំពាក់ដោយបង្អួចពីឥដ្ឋដល់ពិដាន ដែលនឹងផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ឌូបៃម៉ារីណា, ប្រជុំកោះនៃកោះសិប្បនិម្មិត Palm Jumeirah និងឈូងសមុទ្រអារ៉ាប់ ដោយគ្មានអ្វីបាំងបិទ។
ដោយឡែក ទីតាំងប្រណិតៗបន្ថែមនៅក្នុងសណ្ឋាគារ Ciel Tower រួមមាន កន្លែងហាត់ប្រាណទំនើប អាងហែលទឹកឯកជនសម្រាប់ក្មេង និងភោជនីយដ្ឋាន ព្រមទាំងបារចំនួន ១០កន្លែងផ្សេងគ្នា។
កាលពីថ្មីៗនេះ ទីក្រុងឌូបៃ ត្រូវបានប្រសិទ្ធនាមថា គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទី ៣ នៅលើពិភពលោក ដោយពានរង្វាន់ TripAdvisor’s Travellers’ Choice Awards ដោយរួមបញ្ចូលគ្នានៃទំនើបកម្ម និងប្រពៃណី។ សម្រាប់អ្នកដែលកំពុងស្វែងរកការផ្សងព្រេង ជម្រើសរួមមានការជិះបាឡុងនៅលើវាលខ្សាច់ ការរីករាយនៅសួនកម្សាន្ត IMG Worlds of Adventure ដែលជាសួនកម្សាន្តដ៏ធំបំផុតនៅលើពិភពលោក ក៏ដូចជាការលោតឆាតយោងពីលើអាកាសចុះមកប្រជុំកោះសិប្បនិម្មិត Palm Jumeirah៕ ដកស្រង់ ៖ VnExpress


ចែករំលែកព័តមាននេះ