រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលលោក ថាក់ស៊ីន លើកឡើង ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា ដូចការលើកឡើងរបស់ខ្ញុំ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអីុចឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកកជាសម្បុកនៃពួកឧក្រិដ្ឋជនឆបោក និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលដាលហៀរចេញពីថៃចូលកម្ពុជា ។
ពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍តាមទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញ កំពុងស្នាក់នៅអាផាតមិុនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរីចេញចូលប្រទេសក្បែរខាង ។
សម្តេចតេជោបានបន្ថែមថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១,៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិដនមឿងស្របពេលរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ(UNODC) បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀន មួយផ្នែកធំលើសលប់ ចេញពីតំបន់ត្រីកោណមាស ។
សម្តេចតេជោបានបញ្ជាក់ថា ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ានទទួលស្គាល់ នូវអ្វីដែលជាការលើកឡើងរបស់ ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសម្បុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់” ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមក នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញ គឺជារឿងអសីលធម៌នយោបាយដ៏ធ្ងន់ធ្ងរ ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា «ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុន ដែល ថាក់សុីន និយាយថា នឹងមិនមានសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក អ្នកណាមុជបានយូរជាង គឺអ្នកនោះឈ្នះ ។ តាមការយល់របស់ខ្ញុំ ថាក់សុីន ចង់និយាយដល់ការបិទព្រំដែន តើអ្នកណាទ្រាំបានយូរជាង ។ បើដូចនេះ មេខ្លោងនៅពីក្រោយការបិទព្រំដែន គឺលោក ថាក់សុីន នេះឯង ។ កម្ពុជាកំដរលេងល្បែងនេះ មិនថាពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់» ។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានអះអាងថា ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោង ដើម្បីខ្ញុំនិយាយពីរឿង ថាក់សុីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ។ ថ្ងៃចុងក្រោយ គឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា «ដកគេប្រយ័ត្ឋគេដកខ្លួនវិញ» ។
សម្តេចតេជោបានបន្ថែមថា សម្រាប់ខ្ញុំមិនចម្លែកទេ ក្នុងការដែល ថាក់សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់សុីន អាចក្បត់ខ្ញុំបានយ៉ាងស្រួល តែ ថាក់សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង ។
ជាមួយគ្នានេះរ សម្តេចតេជោបានពន្យល់ថា មានបងប្អូនបញ្ញវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការណ៍ថៃបានច្បាស់ល្អ ។ បើមិនឲ្យច្បាស់យ៉ាងម៉េច បើ ថាក់សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃ ឬរាល់សប្តាហ៍ ឬរាល់ខែ តាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ ៕
ចែករំលែកព័តមាននេះ