ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​លក្ខខណ្ឌចំនួន​៣​ក្នុង​ការ​បើក​ច្រក​ព្រំ​ដែន​

8 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​ដាច់​ណាត់​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ឡើង​វិញ ។ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ថ្លែង​ថា…

ខេត្តកំពង់ឆ្នាំង ៖ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​ដាច់​ណាត់​ក្នុង​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​ឡើង​វិញ ។ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ថ្លែង​ថា ការ​បើក​ច្រក​ទ្វារ​ព្រំដែន​មិន​លំបាក​នោះ​ទេ ពោល​គឺ​កូនសោ​ប្រគល់​ឲ្យ​ភាគី​ថៃ​រួចរាល់​ហើយ ។ ការ​សម្រេច​បែប​ណា​នោះ​ស្ថិត​នៅ​លើ​ភាគី​ថៃ កម្ពុជា​ត្រៀម​អនុវត្ត​តាម​ក្រោយ បើសិន​ថៃ​បើក​ព្រំដែន​ឡើង​វិញ គឺ​ត្រូវ​បើក​ទាំងអស់​ដំណើរការ​ដូច​ដើម​។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ប្រើប្រាស់​សមិទ្ធផល​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​នៅ​ភ្នំ​ជុំ​សែន​រីករាយ និង​អបអរសាទរ​ខួប​លើក​ទី​៣២ ទិវា​កងរាជអាវុធហត្ថ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ខេត្តកំពង់ឆ្នាំង សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដល់​លក្ខខណ្ឌ​៣​ចំណុច​ដល់​ភាគី​ថៃ សម្រាប់​ការ​បើក​ព្រំដែន​ឡើង​វិញ ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា កម្ពុជា​ចង់បាន​សាមញ្ញ​បំផុត រឿង​បើក​ច្រក​នេះ សុំ​តែ​៣​លក្ខខណ្ឌ​ទេ ហើយ​សោ​ប្រគល់​ឲ្យ​ភាគី​ថៃ​ហើយ បើក​ចុះ​មិន​ចាំបាច់​អង្គុយ​ចរចា​ទេ ។


ទី​១-​ថៃ​ប្រកាស​បើក​មុន​ជា​ឯកតោភាគី ហើយ​បញ្ជាក់​ថា មិន​ប្រើប្រាស់​វិធានការ​បិទ​ជា​ឯកតោភាគី ហើយ​បើក​ឲ្យ​ដូច​មុន​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ។

ទី​២-​បើក​ម្ដង បើក​គ្រប់​ច្រក​ទាំងអស់ មិនមែន​បើក​មួយ​ទុក​មួយ​នោះ​ទេ ។

ទី​៣-​បើក​ឲ្យ​ដូច​ស្ថានភាព​មុន​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ពោល​គឺ​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ ។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា នៅ​ពេល​ភាគី​ថៃ​អនុវត្ត​នូវ​លក្ខខណ្ឌ​៣​ចំណុច​នេះ​ហើយ យ៉ាង​យូរ​ត្រឹម​រយៈពេល​៥​ម៉ោង កម្ពុជា​នឹង​អនុវត្ត​តាម ពោល​គឺ​បើក​គ្រប់​ច្រក​វិញ​ទាំងអស់ ។

សម្ដេច​ធិ​បតី​បន្ដ​ថា កម្ពុជា​មិន​ចង់​ប្រើប្រាស់​វិធាន​ក្នុង​ការ​បិទ​ច្រក​ព្រំ​ដែ​នោះ​ទេ ប៉ុន្ដែ​ទ្រាំ​មិន​បាន ចំពោះ​ការ​សម្រេច​ចិត្តជា​ឯកតោភាគី​ម្ដង​ហើយ​ម្ដងទៀត​ពី​សំណាក់​ក្រុម​យោធា​ថៃ ។សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ចង់​លេងបិទពួន​ដូច​ថៃ​កំពុង​លេង​នោះ​ទេ មិនមែន​ចង់​បិទ​ក៏​បិទ ចង់​បើក​ខ្លះ​ទុក​ខ្លះ ឬ​បិទ​បើក​តាម​ទំនើងចិត្ត​នោះ​ទេ ហើយ​កម្ពុជា​យល់​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ប៉ុន្ដែ​កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​ក្រុម​យោធា​ថៃ ។

កម្ពុជា​បញ្ជាក់​ជំហរ​ច្បាស់ គឺ​នៅ​ពេល​ថៃ​បើក​ទាំងអស់​ឲ្យ​វិល​មក​រក​ប្រក្រតី​ភាព​វិញ កម្ពុជានឹង​អនុវត្ត​តាម​ក្រោយ ។ កម្ពុជា​ចង់បាន​ដំណោះស្រាយ​មួយ​ច្បាស់លាស់ មាន​និរន្ដរភាព ហើយ​បញ្ឈប់​ការ​ប្រើប្រាស់​វិធាន​បិទ​ច្រកព្រំដែន​ជា​ឯកតោភាគី​របស់​ថៃ មក​ធ្វើ​ជា​ល្បែង ឬ​ធ្វើ​ជា​លក្ខខណ្ឌ​នៃ​ជីវភាព​ប្រជាជន ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ព្រំដែន​នោះ​ទេ ។

សម្ដេច​មហា​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ការ​ជជែក​លើ​ការ​កែសម្រួល​កងទ័ព​អាច​ធ្វើ​ទៅ​បាន ត្រូវ​បើក​ច្រកព្រំដែន​ឲ្យ​ដូច​ដើម​វិញ​ជា​មុន​សិន ហើយ​កម្ពុជា​មិនមែន​ជា​អ្នក​បង្ក​បញ្ហា​នោះ​ឡើយ ។ ដូច្នេះ​កូនសោ​ដោះស្រាយ​បញ្ហា គឺ​ស្ថិត​នៅ​លើ​ដៃ​របស់​ថៃ ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​រក្សា​សិទ្ធិ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ