រាជធានីភ្នំពេញ ៖ ថ្លែងនៅចំពោះមុខ និងចង្អុលចំៗ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ឯកឧត្តម គង់ មុនីកា និងឯកឧត្តម សេង ម៉ារឌី សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទះខ្មែរ ថាកុំចាំបាច់ដេកភ័យបារម្ភធ្វើអ្វី ចំពោះសេចក្តីស្នើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញមាត្រា៣៣ ដកសញ្ជាតិពលរដ្ឋខ្មែរ គប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ បើសិនលោកទាំងពីរ មិនបានប្រព្រឹត្តអំពើក្បត់ជាតិ ។
ការសង្កត់ធ្ងន់ៗទៅលើសមាជិកព្រឹទ្ធសភា មកពីគណបក្ស ក្រៅរដ្ឋាភិបាលនេះ ដោយសារទាំងឯកឧត្តម គង់ មុនីកា ដែលជាកូនប្រុសរបស់លោក គង់ គាំ និងឯកឧត្តម សេង ម៉ារឌី នេះបានបង្ហាញក្តីបារម្ភ ចំពោះវិសោធនកម្មដកសញ្ជាតិ កាលពីពេលកន្លងមក ។
ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយចុចចំឈ្មោះ ឯកឧត្តម គង់ មុនីកា និងឯកឧត្តម សេង ម៉ារឌី ថាមិនចាំបាច់ចំណាយពេលវេលាព្រួយបារម្ភចំពោះវិសោធនកម្មដកសញ្ជាតិនោះទេ ព្រោះនៅពេលដែលច្បាប់នេះ បានចេញជារូបរាងហើយ គឺសម្រាប់អនុវត្តទៅលើបុគ្គលណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិដោយគប់គិតជាមួយបរទេសប៉ុណ្ណោះ ហើយសិនជាឯកឧត្តម ទាំងពីរ មិនបានធ្វើអ្វីខុសច្បាប់ទេ កុំភ័យ! ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ “ខ្ញុំសង្ឃឹមថា ឯកឧត្តម គង់ មុនីកា និងឯកឧត្តម សេង ម៉ារឌី មិនខ្នក់ចិត្តជាមួយខ្ញុំទេ ក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយ ព្រោះឯកឧត្តម ចេញសេចក្តីថ្លែងការណ៍ និងចេញតាមហ្វេសប៊ុកទៀត ។ អ៊ីចឹងខ្ញុំក៏ត្រូវនិយាយជាមួយឯកឧត្តម ដែរ ឯកឧត្តម កុំទៅក្បត់ជាតិទៅបានហើយ បើសិនជាក្បត់ជាតិ ក៏មិនចាំបាច់ទៅដកសញ្ជាតិដែរ ។ ឯកឧត្តម ២ភាគ៣ ដកអភ័យឯកសិទ្ធិ វ៉ៃខ្នោះចេញពីកន្លែងព្រឹទ្ធសភា ឯកឧត្តម សាកជាមួយខ្ញុំមើល។ ដកអភ័យឯកសិទ្ធិភ្លាម គឹវ៉ាំខ្នោះភ្លាម” ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានរំលឹកទៅដល់លោក ហុង សុខហួរ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកព្រឹទ្ធសភាថា ត្រូវបានចាប់វ៉ៃខ្នោះភ្លាមៗតែម្តង ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិទេ ព្រោះលោកជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ទោះបីជាពេលនោះ លោករត់គេចចូលស្ថានទូតបារាំង ប្រចាំកម្ពុជា ក៏ដោយ ក៏ពេលនោះ ទូតបារាំង មិនហ៊ានទទួលលោកនោះទេ ។
សម្តេចតេជោ លើកឡើងទៀតថា ការលើកឡើងរបស់សម្តេចនេះ ក៏មិនមែនជាសារគំរាមកំហែងនោះទេ ប៉ុន្តែនេះ គឺជាបទល្មើសជាក់ស្តែង។ ជាមួយគ្នានេះ ចំពោះសាររបស់សម្តេចនេះ ក៏សម្តេចផ្ញើទៅមេឧទ្ទាមក្រៅច្បាប់ និងកូនចៅរបស់គេផងដែរ ។
ចំពោះមិត្តភិក្តជាបរទេស ដែលបានតិះទៀនកម្ពុជា ចំពោះវិសោធកម្មច្បាប់ដកសញ្ជាតិនេះថា សម្តេចតេជោ ដាស់តឿនថា សូមមើលប្រទេសខ្លួនឯងផង ព្រោះសុទ្ធតែមានច្បាប់ដកសញ្ជាតិដែរ មិនមែនមានតែកម្ពុជានោះទេ ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីសមាជិកព្រឹទ្ធសភា បានលើកដៃអនុម័សេចក្តីស្នើច្បាប់ដកសញ្ជាតិ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។
សមាជិកព្រឹទ្ធសភា ៥៨រូប ក្នុងចំណោម៦០រូប បានឯកភាពទាំងស្រុង លើសេចក្តីស្នើច្បាប់វិសោធនកម្មដកសញ្ជាតិ ដោយឥតកែប្រែ នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល ៕




ចែករំលែកព័តមាននេះ