ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រឈម​នឹង​ការ​ខាតបង់​លើ​ការ​នាំ​ចេញ​តម្លៃ​ជាង​៦​ពាន់​លាន​ដុល្លារ ដោយសារ​តែ​ពន្ធអា​មេ​រិ​ក

1 ថ្ងៃ មុន

ទីក្រុង​បាងកក ៖ យោង​តាម​ការ​ព្យាករណ៍​ពី​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ហៅ​កាត់​ថា UTCC បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​បាត់បង់​រហូត​ដល់ ២០០​ពាន់​លាន​បាត ដែល​ស្មើនឹង ៦,១៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​តម្លៃ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ…

ទីក្រុង​បាងកក ៖ យោង​តាម​ការ​ព្យាករណ៍​ពី​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ហៅ​កាត់​ថា UTCC បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​បាត់បង់​រហូត​ដល់ ២០០​ពាន់​លាន​បាត ដែល​ស្មើនឹង ៦,១៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​តម្លៃ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​ថ្មី​ចាប់ពី ២៥% ទៅ ៣៦% លើ​ទំនិញ​ពី​ប្រទេស​ថៃ ចូល​ជា​ធរមាន​នៅ​ខែ​ក្រោយ​។

លោក Thanavath Phonvichai ប្រធាន UTCC បាន​កត់​សម្គាល់ថា នៅ​តែ​មានឱកាស​សម្រាប់​ប្រទេស​ថៃ​ក្នុង​ការ​ចរចា​លើ​អត្រាពន្ធ​អនុគ្រោះ​បន្ថែម​ទៀត ដោយ​អាច​បញ្ចុះ​មក​ត្រឹម ២០% មុន​ពេល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥​។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ថា កិច្ចព្រមព្រៀង​ចុង​ក្រោយ​ជាមួយ​អា​មេ​រិ​ក​គឺ​នៅ​ឆ្ងាយ​ពី​ភាព​ជាក់លាក់​។

ការ​ព្រួយបារម្ភ​បន្ថែម​ទៀត លោក​បាន​ព្រមាន​ថា អ​ស្ថិរភាព​នយោបាយ​ក្នុងស្រុក ដូច​ជា ការ​រំលាយ​សភា ឬ​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុម័ត​ថវិកា​ជំរុញ​សេដ្ឋកិច្ច អាច​កាត់​បន្ថយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន ១%​។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​ធ្លាក់​ចុះ​ក្រោម ១% សម្រាប់​ឆ្នាំ​នេះ ដែល​ស្ថិត​នៅ​ក្រោម​ការ​ព្យាករណ៍​ពី​មុន ១,៧%​។

ប្រសិនបើ​ពន្ធ​ថ្មី​របស់​សហរដ្ឋអាមេរិក​ពី ២៥% ទៅ ៣៦% នៅ​តែ​ដំណើរការ​ពេញ​១​ឆ្នាំ​នោះ UTCC បាន​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចេញ​ដែល​មាន​តម្លៃ​ចន្លោះ​ចាប់ពី ៤០០-៦០០​ពាន់​លាន​បាត ឬ​ស្មើ​ប្រមាណ ១២-១៨​ពាន់​លាន​ដុល្លារ អាច​រង​ផល​ប៉ះពាល់​។ UTCC ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃ​ស​ន្ទ​ស្សន៍​ទំនុកចិត្ត​អ្នក​ប្រើប្រាស់​ក្នុងស្រុក ដែល​បាន​ធ្លាក់​ចុះ​ដល់ ៥២,៧ ពិន្ទុ​ក្នុង​ខែមិថុនា​កន្លង​ទៅ ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២៨​ខែ ចំ​ពេល​មានការ​ធ្លាក់​ចុះ​នៃ​សុទិដ្ឋិនិយម​ជា​សាធារណៈ​៕ ប្រភព ៖ VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ