រាជធានីភ្នំពេញ៖ ការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនា កាលពីរាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ បើទោះជាមានភ្លៀងរលឹមយ៉ាងណាក្ដីតែតំណក់ទឹកភ្លៀងមិនបានរារាំងប្រជាពលរដ្ឋមកលេងកម្សាន្តនៅផ្លូវថ្មើរជើងនោះទេ។
ជាមួយភាពប៉ិនប្រសព្វនៃការសម្តែងរបស់ក្រុមដឹកនាំសម្តែង ដោយលោក អុល សំអាង បានញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោនកាន់តែអ៊ូអរ ដោយបានទាក់ទាញអ្នកមកកម្សាន្តនៅ ផ្លូវថ្មើរជើងពីម្នាក់ទៅម្នាក់ចូលមកទស្សនា បង្កើតបានភាពសប្បាយរីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍។
ក្នុងសាច់រឿងសម្ដែងល្ខោន «តេជោមាស តេជោយ៉ត» បានឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វនិងឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែននគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោលចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣ ។
ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលបលួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្កជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។
នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះតេជោមាសនិងតេជោយ៉តដែលជាគ្រូនិងសិស្សបានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោនិងទះដៃអបអរសាទរ យ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ ។
សូមជម្រាបជូនថា ដំណើររឿង«តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុង កិច្ចការពារបូរណភាពទឹកដី។ ក្នុងរឿងល្ខោននោះដែរតួអង្គតេជោយ៉ត បានប្រើយុទ្ធវិធីអូសឫស្សីបញ្ច្រាសចុងដើម្បីរកខ្មាំងសត្រូវនិងជនបង្កប់ផ្ទៃក្នុងក្រោយប្រើវិធីនេះហើយពួកជនបង្កប់និងសត្រូវផ្ទៃក្នុងត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះទទួលបានជ័យជម្នះពីការឈ្លានពាន។តេជោយ៉ត ជាតួអង្គតំណាងឱ្យមេទ័ពខ្មែរ នៅសម័យឧដុង្គដែល មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើ នេះជាគំរូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង៕
ចែករំលែកព័តមាននេះ